(ភ្នំពេញ)៖ ក្រុមហ៊ុន TH Group និងក្រុមហ៊ុន DMF នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ បានសហការគ្នារៀបចំពិធីសម្ពោធលក់ផលិតផលទឹកដោះគោស្រស់ TH true MILK និងអ្នកចែកចាយផ្លូវការនៅកម្ពុជា ដែលមានអនាម័យខ្ពស់ឈានមុខគេរបស់ប្រទេសវៀតណាម ។
ពិធីនេះ មានចូលរួមដោយលោក Hoàng Công Trang អគ្គនាយកក្រុមហ៊ុនផលិតផលអាហារ TH និងលោក Bun Rary អគ្គនាយកក្រុមហ៊ុន DMF ។
នៅវៀតណាម TH គ្រុប កំពុងដំណើរការគម្រោងចិញ្ចឹមសត្វគោយកទឹកដោះ និងការកែច្នៃទឹកដោះគោ តាមមាត្រដ្ឋានបច្ចេកទេសឧស្សាហកម្មកម្រិតខ្ពស់ បានផលិតចេញនូវផលិតផលទឹកដោះគោស្រស់ ទឹកដោះគោជូរចំនួន ៣៩ប្រភេទ ដែលមានផ្លាកសញ្ញា TH true MILK។គម្រោងនេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីខែតុលាឆ្នាំ២០០៩ ហើយគម្រោងនេះនឹងកើនឡើងចំនួនសត្វគោជិត ២០៣,០០០ក្បាល ក្នុងឆ្នាំ២០២០។
គម្រោងនេះដំណើរការស្របទៅតាមសង្វាក់ផលិតកម្មស្អាត និងអនាម័យខ្ពស់ ពីវាលស្មៅខៀវខ្ចី រហូតដល់កែវទឹកដោះគោបរិសុទ្ធ រួមទាំងការរៀបចំការដ្ឋានរោងចក្រនិងប្រព័ន្ធចែកចាយផងដែរ។ គិតត្រឹមចុងឆ្នាំ២០១៥ គម្រោងបានជោគជ័យក្នុងការវិនិយោគជំហានទីមួយ ដែលមានគោ សរុបចំនួន៤៥,០០០ក្បាល ក្នុងនោះមានគោចំនួន ២២,០០០ក្បាលដែលមានសមត្ថភាពផលិតទឹកដោះបាន ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយគោមួយក្បាលអាចផលិតទឹកដោះបាន ៣០លីត្រក្នុងមួយថ្ងៃ។
សកម្មភាពចែកចាយអភិវឌ្ឍន៍ទីផ្សារនៅកម្ពុជា អាចបង្កើតឲ្យមានការងារ សម្រាប់មនុស្សរាប់ពាន់នាក់ ក្នុងវិស័យលក់រាយ អភិវឌ្ឍន៍ម៉ាកសញ្ញា ហើយសកម្មភាពចែកចាយ អភិវឌ្ឍន៍ទីផ្សាររបស់TH គ្រុប នៅកម្ពុជាគឺឋិតក្នុងក្របខណ្ឌនៃគោលនយោបាយទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផលិតផល TH true MILK ចែកចាយនៅកម្ពុជាតាមរយៈក្រុមហ៊ុន DMF ហើយនឹងត្រូវបានអនុវត្តតាមផ្លូវច្បាប់ ធានាគោលនយោបាយសេវាអថិតិជនល្អបំផុតសម្រាប់អ្នកប្រើប្រាស់ផងដែរ៕