(ភ្នំពេញ) លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំធ្វើវេទិកាសាធារណៈ ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យចំណុះ ការិយាល័យភូមិបាលខណ្ឌ ចៅសង្កាត់ ស្មៀន ប្រធានភូមិ អនុប្រធានភូមិ និងជំនួយការភូមិ ដើម្បីទទួលយកសំណើ សំណូមពរ ដោយចំហរ និងបញ្ហាប្រឈមនានាពីមន្ត្រីក្រោមឱវាទមានថ្នាក់សង្កាត់-ភូមិ ក្នុងការបម្រើសេវាសាធារណៈ ដែលជាសេវាតម្រូវការ និងសេវាសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក នុត ពុធដារ៉ា បានលើកឡើងពីការបន្តអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ការទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ជាដើម។ល។

លោកអភិបាលក៏បានជំរុញឲ្យមន្ត្រីថ្នាក់ក្រោមទាំងអស់ ចាប់ពីថ្នាក់ខណ្ឌ រហូតដល់ថ្នាក់ភូមិ ចុះឲ្យដល់មូលដ្ឋានដើម្បីជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីទទួលយកសំណើ បញ្ហា និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយ ជាពិសេសគឺការផ្តល់សេវាតម្រូវការ ដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ហើយកន្លងមករដ្ឋបាលខណ្ឌ សង្កាត់ និងភូមិតែងបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាតម្រូវការ ជូនប្រជាពលរដ្ឋ ដូចជា ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ប័ណ្ណកម្មសិទ្ធិសំបុត្រកំណើត សំបុត្រមរណៈភាព ដល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដោយផ្ទាល់ និងផ្តល់សេវាសំណូមពរ តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ប្រឡាយ នានាក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកអភិបាល ក៏បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ មកទទួលសេវាសាធារណៈដោយផ្ទាល់ នៅការិយាល័យច្រកចេញចូលតែមួយខណ្ឌដង្កោ ដើម្បីឲ្យមានតម្លាភាព រហ័ស និងមានតម្លៃថោក ជៀសវាងការយកឯកសារពឹងពាក់តាមរយៈអ្នករត់ការ ដែលធ្វើឲ្យគេទារតម្លៃសេវាពីបងប្អូន លើសពីសេវាដែលច្បាប់កំណត់។

អង្គប្រជុំបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអនុវត្តដោយស្មោះត្រង់ ក្នុងការបម្រើសេវាសាធារណៈ រួមមាន សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពដែលមាន។ ក្នុងឱកាសនោះផងដែរ លោកអភិបាលក៏បានអនុញ្ញាតឲ្យមានការចូលរួមពីសមាជិកអង្គប្រជុំ ដោយចំហរ ដើម្បីផ្តោះប្តូរយោបល់គ្នា បញ្ចេញមតិ ដើម្បីទទួលបានដំណោះស្រាយ ធ្វើយ៉ាងណាបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងឆាប់រហ័ស ឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ពេញចិត្ត និងគាំទ្រមកលើអាជ្ញាធរ៕