(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលបណ្តុះបណ្តាល រដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ។

ពិធីខាងលើមានការចូលរួមពីនាយទាហានជាន់ខ្ពស់ ក្នុងអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងអាជ្ញារធដែនដីផងដែរ។

លោកឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងក្រសួងការពារជាតិ ទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណ:កម្មការ សាងសង់អគារមជ្ឈមណ្ឌលបណ្តុះបណ្តាល រដ្ឋបាលនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីវឌ្ឍនភាពការងារហ្វឹកហ្វឺន បណ្តុះបណ្តាលការងារ រដ្ឋបាលដល់នាយទាហាន មកពីបណ្តាស្ថាប័ន អង្គភាពចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមភូមិន្ទ។

វគ្គបណ្តុះបណ្តាលដំបូង បង្កើតឡើងនៅឆ្នាំ២០០១ ក្រោមការគ្រប់គ្រងរបស់អនុគណ:កម្មការ គណ:កម្មការ និងបន្តរហូតមកដល់បច្ចុប្បន្ន គឺក្រោមការគ្រប់គ្រង ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាល ការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ តាមរយ:ប្រកាស លេខ ០៧៦ប្រក.កពជ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។

លោក គឹម រស្មី បន្តទៀតថា ទន្ទឹមនឹងវឌ្ឈនភាពការងារ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ក៏ជួបនូវការខ្វះខាតមួយចំនួន ជាពិសេសគឺកន្លែងបំពេញការងារសម្រាប់នាយទាហាន និងថ្នាក់រៀនសម្រាប់សិក្ខាកាម។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានផ្តួចផ្តើមការសាងសង់អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលរដ្ឋបាល នៃកងយោធពលខេមរភូមិន្ទនេះឡើង នៅលើទីតាំងដីឡូតិ៍លេខ១ ផ្លូវលេខ១៣ ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិអចលនវត្ថុរបស់ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិកាចូលរួមរបស់សប្បុរសជន និងនាយទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ។

ថ្លែងក្នុងអង្គពិធីនេះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានវាយតម្លៃ និងកោតសរសើរខ្ពស់ លើការងារគ្រប់គ្រងការងារបណ្តុះបណ្តាល និងស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តផែនការ រៀបចំការសាងសង់ ឲ្យមានដំណើរការទៅមុខ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «អ្វីៗត្រូវតែមានការចាប់ផ្តើម ទើបមានការររីកចម្រើន ហើយសម្រេចដល់គោលដៅ ថ្វីត្បិតតែយើងមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ប៉ុន្តែយើងត្រូវតែចាប់ផ្តើម»

កន្លងមកអង្គភាពអគ្គលេខាធិការក្រសួងការពារជាតិ បានកសាងសមិទ្ធផលជាច្រើនរួចមកហើយ ទាំងសម្រាប់អង្គភាព និងការងារមូលដ្ឋាន ដោយមិនបានប៉ះពាល់ដល់ថវិកាជាតិឡើយ ដូច្នេះការសាងសង់នេះក៏ដូចគ្នា គឺយើងនឹងខិតខំឲ្យសម្រេចបានជោគជ័យ ដើម្បីតម្កល់ទុកជាស្នាដៃប្រវត្តិសាស្រ្តរបស់អគ្គលេខាធិការ ក្រសួងការពារជាតិ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានសំណូមពរ និងអំពាវនាវដល់នាយទាហាន ក៏ដូចជាសប្បុរសជនជិតឆ្ងាយ មេត្តាចូលរួមចលនាកសាងនេះ ដោយហេតុថា ការបណ្តុះបណ្តាលការងាររដ្ឋបាល មានសារ:សំខាន់ណាស់ សម្រាប់នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងការអនុវត្តតួនាទី ភារកិច្ចឲ្យស្របតាមបែបបទ បទដ្ឋាន ឋានានុក្រម និងការឯកភាពស្តង់ដាររួមមួយ ព្រមទាំងធ្វើឲ្យកាន់តែសុក្រឹតថែមទៀត ក្នុងការតាក់តែង ចងក្រង គ្រប់គ្រងលិខិតស្នាម មានប្រសិទ្ធភាព គុណភាព ធានាបានការសម្ងាត់របស់កងទ័ព។

ចុងក្រោយនៃពិធីសំណេះសំណាល លោកនាយឧត្តមសេនីយ៍ បានបញ្ចុះបឋមសិលា និងបញ្ជាគ្រឿងចក្រខួងគ្រឹះ ជានិមិត្តរូបនៃការដាក់ឲ្យដំណើរសាងសង់៕