Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស៊ន សៀវម៉ី និងគ្រូបង្វឹក ទទួលបានប្រាក់រង្វាន់ ៩៣លានរៀលដូចគ្នា គ្រាដែល ឈឿង ពុទ្ធារីម បាន១១លានរៀល

26-04-2016 16:22

(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ទទួលបានប្រាក់រង្វាន់លើកចិត្តសរុបចំនួន ៩៣លានរៀល ពីការ ឈ្នះមេដាយបាន២គ្រឿង (មាស១ និងប្រាក់១) ពីការប្រកួតវគ្គជម្រុះកីឡាអូឡាំពិករដូវក្តៅ និងប្រកួតកីឡាតេក្វាន់ដូ ជើងឯកអាស៊ី ឆ្នាំ២០១៦ នាពេលកន្លងមកនៅប្រទេសហ្វីលីពីន។

ក្នុងពិធីជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នារសៀលម៉ោង៣៖០០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នោះ គឺកីឡាការិនីជួរមុខកម្ពុជា ស៊ន សៀវម៉ី ទទួលបាន៨០លានរៀល ទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ពីការ ឈ្នះមេដាយមាស១គ្រឿង ក្នុងយុទ្ធនាការ វគ្គជម្រុះកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ និងបន្ថែម ១៣លានរៀល ទៀតពីអន្តរក្រសួង ទៅលើមេដាយប្រាក់១គ្រឿង ដែលបានឈ្នះក្នុងការប្រកួតកីឡាតេក្វាន់ជើងឯកប្រចាំទ្វីបអាស៊ី ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ ជាមួយនឹងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក ឆយ យ៉ុងសុក ក៏ទទួលបានប្រាក់រង្វាន់ស្មើនឹង សៀវម៉ី ដែរ។

ទន្ទឹមគ្នានោះ សម្រាប់មេដាយសំរឹទ្ធ ដែលកីឡាការិនី ឈឿង ពុទ្ធារីម បានឈ្នះក្នុងព្រឹត្តិការណ៍តេក្វាន់ដូ ប្រចាំទ្វីប អាស៊ី ប្រភេទទម្ងន់ក្រោម ៥៣គីឡូក្រាម ក្រោយចាញ់កីឡាការិនីថៃក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១១លានរៀលផងដែរ ដែលសរុបទាំងអស់ស្មើនឹង ១៩៧លានរៀល៕