(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានចាត់តំណាងចុះសួរសុខទុក្ខ នាំយកអំណោយ និងថវិកាចំនួន៤លានរៀល ជូនលោក ចាន់ វ៉ែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលមានវ័យជរា ហើយមានជំងឺរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។

ប្រតិភូយុវជនថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ផ្នែកឃោសនាអប់រំ ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល រួមជាមួយលោក កែវ ពិសិដ្ឋ, លោក ហង្ស វិចិត្រ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល, លោក ទួន យ៉ាត អនុប្រធានផ្នែក ឃោសនាអប់រំ។

នាឱកាសនេះដែរ លោក ចាយ បូរិន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចពញាចក្រី ហេង សំរិន ប្រធានកត្តិយសគណបក្សប្រជាជន, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះលោក ចាន់ វ៉ែន ដែលជានិច្ចជាកាលសម្តេច និងលោកបណ្ឌិតប្រធាន តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន ជាពិសេសមន្រ្តីដែល មានគុណបំណាច់ចំពោះជាតិមាតុភូមិ។

ប្រធានប្រតិភូ រួមជាមួយប្រតិភូអមដំណើរទាំងអស់ បានសម្ដែងនូវមនោសញ្ចេតនា គោរព ដឹងគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់លោក ចាន់ វ៉ែន ដែលជាអ្នកស្នេហាជាតិមួយរូប ដែលបានចូលរួមក្នុង ចលនារណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ និងស្នាដៃដ៏ធំធេងជាច្រើនរបស់លោកដែល បានចូលរួមចំណែកក្នុងការស្តារ កសាង អភិវឌ្ឍន៍ប្រទេសជាតិនាពេលកន្លងមក ដូចជា៖ បំពេញតួរនាទីជាប្រធានគណកម្មាធិការប្រជាជនបដិវត្តន៍រដ្ឋធានីភ្នំពេញ ជាអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ ជារដ្ឋមន្រ្តីក្រសួងអប់រំសិក្សាធិការជាតិ ជាប្រធានសមាគម មិត្តភាពកម្ពុជា-វៀតណាម ជាអគ្គលេខាធិការរងរដ្ឋសភា និងបច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា។

លោក ចាយ បូរិន រួមជាមួយសមាជិកប្រតិភូយុវជនគណបក្សថ្នាក់កណ្តាលផ្នែក ឃោសនាអប់រំទាំអស់ បានចាត់ទុកគុណបំណាច់របស់លោក ចាន់ វ៉ែន នាពេលកន្លង គឺជាកេរ្តិ៍ដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ រៀនសូត្រតាម ព្រមទាំង បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់រក្សាលោក ចាន់ វ៉ែន ឆាប់បានជាសះស្បើយពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕