(ភ្នំពេញ)៖ បេក្ខជនកម្ពុជា១៨នាក់ (ស្រីចំនួន៨នាក់) មានសមាសភាពជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល ទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឆ្នាំ២០២១-២០២២ (Australia Awards)។

គួរបញ្ជាក់ថា អាហារូបករណ៍ Australia Awards គឺជាអាហារូបករណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី ក្នុងគោលបំណងរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍ រយៈពេលវែងរបស់ប្រទេសជាដៃគូ ដោយស្របតាមកិច្ចព្រមព្រៀងសកល ទ្វេភាគី និងតំបន់។ Australia Awards មានគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិរវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ក៏បានផ្តល់ឱកាសសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍វិជ្ជាជីវៈដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ និងជាអ្នកដឹកនាំជំនាន់ក្រោយ ដែលមានបំណងនាំយកនូវឥទ្ធិពលវិជ្ជមានមកកាន់ប្រទេសរបស់ពួកគេ ក៏ដូចជាមានបំណងកសាងអាជីពការងារដែលរួមចំណែកដល់តម្រូវការអភិវឌ្ឍន៍របស់កម្ពុជានាពេលអនាគត។

នាព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២២នេះ បេក្ខជនកម្ពុជាទាំង១៨នាក់បានចូលជួបជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ លោករដ្ឋមន្តី្រ អ៉ិត សំហេង បានផ្តាំផ្ញើដល់បេក្ខភាពអាហារូបករណ៍ដែលបានសិក្សានៅប្រទេសអូស្ត្រាលី ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីប្រទេសដែលមានការរីកចម្រើន លើការបណ្តុះបណ្តាលធនធានមុស្សមួយនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ខ្លួន ថែរក្សាសុខភាព ជាពិសេសក្នុងបរិបទនៃកូវីដ-១៩នេះ គឺត្រូវប្រកាន់ឲ្យបានភ្ជាប់នូវវិធានអនាម័យ។ ត្រូវចូលរួមសកម្មភាពសង្គមនានា ជួយផ្សព្វផ្សាយសភាពការណ៍ព័ត៌មានត្រឹមត្រូវពីកម្ពុជា ជាពិសេសគឺត្រូវរក្សាបាននូវសាមគ្គីភាព ទំនាក់ទំនងគ្នាឲ្យកាន់តែល្អ ចេះជួយយកអាសាគ្នាទៅវិញទៅមកក្នុងពេលមានអាសន្ន ចេះសម្របខ្លួនរស់នៅក្នុងសហគមន៍ដែលមានវប្បធ៌ម និងជាតិសាសន៍ខុសៗគ្នា និងជូនពរឲ្យទទួលបានជោគជ័យនៅក្នុងការសិក្សារបស់ខ្លួន។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយយុវជន ដោយយុវជនជាសសរទ្រូង ជាអ្នកបន្តវេនរបស់ជាតិ ផ្តល់ជូននូវឱកាសមាស គឺសន្តិភាព ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលជំនាញ ទទួលបានការងារ មុខរបរ ចូលរួមក្នុងសកម្មភាពសង្គម ទទួលបានការតែងតាំងតាមសមត្ថភាព និងស្នាដៃជាមួយរូបមន្តរក្សាចាស់បន្ថែមថ្មី។

លោកបានលើកឡើងពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាវិស័យមួយដែលរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់មួយដែលអនុវត្តដោយជោគជ័យ ក្នុងនោះកម្មវិធីសំណេះសំណាលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន កម្មករនិយោជិត ជំរុញគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម ផ្តល់អនុសាសន៍១០ចំណុចជាគោលនយោបាយ និងសកម្មភាពជាក់ស្ដែងក្នុងវិស័យការងារ៕