(ភ្នំពេញ)៖ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីក្រោមឱវាទ បានចុះអន្តរាគមន៍នាំទឹក ចែកជូនដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៍វាលស្បូវ ក្នុងសង្កាត់វាលស្បូវ។
នៅព្រឹកនេះដែរ លោកអភិបាលខណ្ឌ ក៏ប្រគល់ជូនអណ្តូងស្នប់ចំនួន២ ដល់សហគមន៍វាលស្បូវ ដែលជួបការលំបាកខ្វះទឹកស្អាតប្រើប្រាស់។ សូមបញ្ជាក់ថា ប្រជាជនសហគមន៍វាលស្បូវ ប្រមាណជាង១០០គ្រួសារ ពុំទាន់មានទឹកស្អាតចូលទៅដល់នៅឡើយទេ។ លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលបានឲ្យដឹងថា រថយន្តដឹកទឹកចំនួន២គ្រឿង ដើម្បីបញ្ជូនដាក់ពាងទឹកតាមផ្ទះរបស់ប្រជាជន។
លោក ញាណ ចាន់សោភា បានបន្តទៀតថា លោកអភិបាល ក៏បានប្រគល់ជូននូវអណ្តូងស្នប់ចំនួន២សម្រាប់បងប្អូនប្រើប្រាស់ផងដែរ ។ អណ្តូងស្នប់នេះ គឺលោកអភិបាលបាន សន្យាជួយជីកឲ្យដល់ប្រជាសហគមន៍នៅទីនោះ កាលពីខែមករាទៅតាមសំណើរបស់បងប្អូនប្រជាសហគមន៍។ ជាមួយគ្នានេះ ប្រជាជននៅសហគមន៍វាលស្បូវ បានសម្តែងការសប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណ ដល់អាជ្ញាធរខណ្ឌ បន្ទាប់ពីបានទទួលទឹកនេះ៕