(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារាចរណនាំមួយ ស្តីពីការកំណត់យកទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ បញ្ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក។ សារាចរនេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

តាមសារាចរណែនាំបានឱ្យដឹងថា អស់រយៈពេល២៣ឆ្នាំកន្លងមក ព្រះរាជាណាចក្រកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការ បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញ តាមរយៈ នយោបាយឈ្នះ ឈ្នះ ជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីឆ្លងកាត់នូវដំណាក់កាល សង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ការលេចឡើងនៃវត្តមានរបស់នយោបាយឈ្នះ ឈ្នះ ។ ដើម្បីដឹងគុណ កត្តញ្ញូ និងចងចាំគុណូបការៈដ៏ថ្លៃថ្លានេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖

១៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវកំណត់យកទិវានយោបាយ ឈ្នះ ឈ្នះថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាក ចាប់ពីឆ្នាំ២០២២តទៅ ។

២៖ គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈ ឯកជន ត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការ ឯកភាពជាតិពេញលេញ!»