(ព្រះសីហនុ)៖ ក្រោយបញ្ចេញយុទ្ធនាការ ដឹកទឹកយកទៅជូនប្រជាពលរដ្ឋជិត១០០០គ្រួសារ នៅឃុំចំនួន៣របស់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងដាច់ទឹកនោះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅសង្កាត់ទំនប់រលក ក្រុងព្រះសីហនុ ក៏បានដង្ហោយរកទឹកផងដែរ។
ប្រឈមនឹងការដោះស្រាយបញ្ហានេះ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ តាមរយៈការបញ្ជូនទឹកតាមរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង យកទៅជូនពួកគាត់។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា «សូមប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ទំនប់រលក ក្រុងព្រះសីហនុ ដែលដង្ហោយសុំទឹកនោះ ក្នុងនាមគណៈស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជូនលោកស្នងការរង ដឹកនាំទឹកចំនួន២គ្រឿង គឺរថយន្តពន្លត់អគ្គិភ័យចេញទៅយកចែកជូនហើយ»។
ប្រជាពលរដ្ឋនៅទីនោះបាននាំគ្នាយកធុង ប៉ោត មកដាក់ទឹកដើម្បីយកទៅប្រើប្រាស់ប្រចាំថ្ងៃ បានមួយរយៈទៀត ខណៈដែលទឹកនៅតាមអណ្តូង ស្រះ និងស្ទឹងមានការរីងស្ងួតជាបណ្តើរៗនោះ។ សូមបញ្ជាក់ថា នៅព្រឹកមិញ ពីស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្វះទឹកនោះទេ ហើយសម្តេចប្រកាសមិនឲ្យក្រសួងនានា កោះហៅអភិបាលខេត្តឡើងទៅប្រជុំនោះ ដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ៕