(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ធុងសំរាមចល័តចំនួន ២២៦ធុង នឹងត្រូវដាក់ពង្រាយទៅ តាមទីសួនសាធារណ: និងតាមទីផ្សារនានាក្នុងរាជធានីភ្នំពេញ ដើម្បីលើកស្ទួយសោភ័ណភាព និងថែរក្សាបរិស្ថានទីក្រុង។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងយ៉ាងដូច្នេះថា «ធុងសំរាមចល័តចំនួន ២២៦ធុង (មានកង់១០៣ធុង និងអត់កង់១២៣ធុង) នឹងដាក់ពង្រាយទៅ តាមទីសួនសាធារណ: និងតាមទីផ្សារនានា ដើម្បីលើកស្ទួយសោភ័ណភាព និងថែរក្សាបរិស្ថានទីក្រុងរបស់យើង។ យើងសូមលើកទឹកចិត្តដល់ ក្រុមភ្នាក់ងារសំរាមរបស់យើងដែលនឹងត្រូវបែងចែកគ្នា ទៅតាមគោលដៅសំខាន់ៗ។ សង្ឃឹមថា បងប្អូននឹងចូលរួមថែរក្សាទាំងអស់គ្នា ព្រោះបរិស្ថានស្អាតទាល់តែមានការចូលរួមពីបងប្អូនគ្រប់ៗគ្នា»។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ លោក ឡុង ឌីម៉ង់ បានសរសេរក្នុង Facebook ផ្លូវការរបស់លោកថា «ភ្នាក់ងារសាលារាជធានី អនុវត្ត ការសម្អាត ប្រមូលសំរាមតាមសួនសាធារណៈ ហើយពួកគាត់ក៏មានវិក័យបត្រជាប់នឹងខ្លួន ដើម្បីផាកពិន័យដល់អ្នកចោលសំរាម ពាសវាល ពាសកាលក្រៅធុងផងដែរ។ នេះនឹងជាការសាកល្បងមុនគេ នៅតាមសួនច្បារវិមានឯករាជ្យ សួនមុខវាំង មាត់ទន្លេ និងវត្តភ្នំ»៕