(សៀមរាប)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បានចេញសេចក្ដីប្រកាសជូនដំណឹង ដល់បងប្អូនសាធារណជនជ្រាបថា ពលរដ្ឋទាំងពីរភេទ ដែលចេះបើកបរយានយន្ដស្ទាត់ជំនាញ និងចេះច្បាប់ចរាចរណ៍ផ្លូវគោក ច្បាស់លាស់និងមានបំណងចង់ប្រឡង យកប័ណ្ណបើកបរយានយន្ដផ្លូវគោក ធ្វើឡើងដោយផ្ទាល់ពីអង្គភាពចុះបញ្ជី និងផ្ដល់ប័ណ្ណបើកបរ ដោយផ្ទាល់នៅមន្ទីរសាធារណការ។
ដើម្បីជៀសវាងនូវភាពមិនប្រក្រតីមួយចំនួនដូចជា ការទាមទារប្រាក់បន្ថែម ពីសាលាបង្រៀនបើកបរឯកជនមួយចំនួន សម្រាប់ឲ្យប្រឡងជាប់ បានទទួលប័ណ្ណបើកបរយានយន្ដ ដែលមានទីតាំងនៅយានដ្ឋានស្វាយធំ ភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រសាទបាគង ខេត្តសៀមរាប (នៅខាងក្រោយវត្តស្វាយធំ)។
សេចក្ដីប្រកាសជូនដំណឹងរបស់មន្ទីរសាធារណការខេត្តសៀមរាប ដែលអង្គភាព Fresh News នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានបញ្ជាក់បន្ថែមថា បងប្អូនអញ្ជើញទៅទាក់ទងផ្ទាល់ដល់ អង្គភាពតែម្ដងចំពោះ «ការប្រឡងជាបេក្ខជនស្វាយរិន» ជៀសវាងតាមរយះ បុគ្គលណាមួយទៀត ក្រៅពីមន្រ្តីបម្រើការនៅអង្គភាព។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ មន្ទីរបានទទួលនូវសម្លេង និងការរអ៊ូររទាំមួយចំនួនពីបេក្ខជនប្រឡងបើកបរយានយន្ដ នៅតាមសាលា បង្រៀនបើកបរមួយចំនួន ដែលបានប្រើល្បិចជំរិតទារប្រាក់បន្ថែម ដើម្បីឲ្យបានប្រឡងជាប់។ ជាពិសេសអ្នកមិនទាន់មានប័ណ្ណបើកបរផ្លូវការ បាននាំគ្នាផ្អើលឈូឆរ ទៅរៀនច្បាប់ចរាចរផ្លូវគោក និងហាត់បើករថយន្ដ និងឈានទៅរកការប្រឡងយកប័ណ្ណបើកបរ នៅតាមសាលា បង្រៀនបើកបរឯកជននានានោះ ដើម្បីជាការចូលរួមចំណែកក្នុងការទទួលនូវចំណេះដឹង និងការគោរពច្បាប់ចរាចរ ក៏ដូចជាការកាត់បន្ថយ គ្រោះថ្នាក់ចរាចរផងនោះ បែរជាក្រុមត្រីងៀតឆ្លៀតពង ទារលុយសំណូកត្រង់ៗ ដោយមិនញញើតខ្លាចក្រែងច្បាប់ទម្លាប់ និងមានភាពផ្ទុយ ស្រឡះដើរបញ្ច្រាស់ទិសដៅ សង្គម និងរដ្ឋាភិបាលទៅវិញ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃ៨ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនៅក្នុងផ្ទះល្វែង នៃសាលាបង្រៀនបើកបរឯកជនមួយកន្លែង នៅខេត្តសៀមរាប មានស្រ្ដីម្នាក់បានខ្សឹបប្រាប់ត្រង់ៗ ទៅអ្នកដែលត្រូវប្រឡងយក ប័ណ្ណបើកបររថយន្ដ ឲ្យបង់ប្រាក់ម្នាក់៤៥ដុល្លារ បើចង់ជាប់ក្នុងវគ្គពិសេសមុនការប្រឡង៕