(ភ្នំពេញ)៖ តុលាការបានសម្រេចចេញសាលក្រមទម្លាក់ចោលការចោទប្រកាន់ទាំងស្រុងទៅលើលោក យឹម ស៊ីណន និងក្រុមយុវជន ៩នាក់ផ្សេងទៀត ដែលសុទ្ធសឹងជាអតីតយុវជននៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង ពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់ និងការញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ នេះបើយោងលោក យឹម ស៊ីណន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។

លោក យឹម ស៊ីណន រួមនឹងក្រុមការងារ៩នាក់ផ្សេងទៀតរួមមាន៖ មាស ពិសាល, រស់ សុផល, សុខ រដ្ឋា, យ៉ង់ ស៉ីណេត, ឈុន ប៊ុនហ៊ា, ថុង ហូច, ទឹម វណ្ណី, ព្រុំ សុខា និង ព្រីង ឆេង ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងការញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេចាញ់បោកការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ហើយបានគាំទ្រដល់ផែនការវិលត្រឡប់ចូលប្រទេសកម្ពុជា របស់ទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានដឹងថា រងការចាញប់បោកនូវការឃោសនា និងការអូសទាញរបស់ទណ្ឌិត សម រង្ស៉ី នោះ លោក យឹម ស៊ីណន និងក្រុមយុវជនដទៃទៀត បានសរសេរលិខិតគោរពទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្នើសុំសម្តេចតេជោជួយអន្តរាគមន៍ និងពន្លឿននីតិវិធីនានា លើសំណុំរឿងរបស់ពួកគេ ដើម្បីឱ្យពួកគេមានសេរីភាពឡើងវិញ។

ក្រោយមានសំណើនេះឡើង នីតិវិធីនានាលើសំណុំរឿងរបស់លោក យឹម ស៊ីណន និងក្រុមយុវជនដទៃទៀត ក៏ត្រូវបានពន្លឿន ហើយឈានទម្លាក់ចោលនូវបទចោទទាំងស្រុងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។

លោក យឹម ស៊ីណន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះ «មុននេះបន្តិចខ្ញុំបានទទួលសារពីមេធាវីរបស់ខ្ញុំ បានបញ្ជាក់ថា តុលាការបានទម្លាក់ចោលបទចោទទាំងអស់មកលើរូបខ្ញុំ ក៏ដូចជាសមាជិក៩នាក់ផ្សេងទៀត»

ក្រោយទទួលបានដំណឹងនេះ ទាំងលោក យឹម ស៊ីណន ក៏ដូចជាក្រុមគ្រួសារ និងក្រុមយុវជនដទៃទៀត បានបង្ហាញនូវក្តីរីករាយជាខ្លាំង។ លោក ស៊ីណន បានបញ្ជាក់ដូច្នេះ «ក្រោយពេលបានដឹងដំណឹងច្បាស់ការពីមេធាវី ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ហើយក្រុមការងាររបស់ខ្ញុំ ក្រោយពេលខ្ញុំផ្តល់ព័ត៌មាន គាត់ក៏មានក្តីអំណរជាពន់ពេក»

លោក យឹម ស៊ីណន បន្ទាប់ពីបានទៅរស់នៅប្រទេសកូរ៉េខាងត្បូងអស់រយៈពេល ១១ឆ្នាំនោះ លោកបានវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជា ដែលជាទឹកដីកំណើតរបស់ខ្លួនវិញហើយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ លោក យឹម ស៊ីណន បានហៅការទម្លាក់ចោលនូវបទចោទមកលើរូបលោក ពីតុលាការនាពេលនេះ ជាការបើកផ្លូវឱ្យលោកមានសេរីភាពពេញលេញក្នុងការរស់នៅប្រទេសកម្ពុជា។

ជាមួយការទទួលបានសិទ្ធិសេរីភាពពេញលេញដោយមិនជាប់ពាក់ព័ន្ធនឹងដំណើរការច្បាប់ទៀតនេះ លោក យឹម ស៊ីណន ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជួយអន្តរាគមន៍ទៅតាមនីតិវិធីរបស់តុលាការ។

លោក ស៊ី ណន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្នុងនាមខ្ញុំក្តី ក្នុងនាមក្រុមការងារក្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលនូវលិខិតជួយធ្វើអន្តរាគមន៍លើភាគីពាក់ព័ន្ធ ដោយបានឱ្យតុលាការសើរើ ក៏ដូចជាជួយពិនិត្យទៅលើរឿងក្តីរបស់យើងខ្ញុំទាំងអស់គ្នា។ នេះគឺជារឿងមួយដែលពួកយើងខ្ញុំទាំងអស់គ្នា មានការថ្លែងអំណរគុណយ៉ាងធំធេងដល់សម្តេចនាយករដ្ឋមន្ត្រី»

លោក យឹម ស៊ីណន គឺជាសកម្មជនមួយរូបដែលបានធ្វើសកម្មភាពគាំទ្រយ៉ាងខ្លាំងលើអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយពេលខ្លះក៏មានបានសារនយោបាយធ្ងន់ៗផងដែរក្នុងការវាយប្រហាររាជរដ្ឋាភិបាល និងមេដឹកនាំកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន។ តែទីបំផុតលោក យឹម ស៊ីណន ក៏ដូចជាថ្នាក់ដឹកនាំ សមាជិក និងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ទទួលបានការអនុគ្រោះពីសម្តេចតេជោ ឱ្យពួកគេមានសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពនយោបាយឡើងវិញ។

លោក យឹម ស៊ីណន បានចាត់ទុកការផ្តល់នូវក្តីអនុគ្រោះរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការផ្តល់ឱកាសមួយដល់ក្រុមអ្នកនយោបាយមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ហើយក៏ជាការផ្តល់បរិយាកាសល្អក្នុងឆាកនយោបាយនៅកម្ពុជាផងដែរ៕