(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២២ នាទីស្ដីការក្រសួង លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីឆ្នាំ២០២១ និង២០២២ ដែលមានអ្នកចូលរួមចំនួន ១៥នាក់ (ស្រី៧នាក់) ជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំ មុនការចេញដំណើរទៅសិក្សានៅប្រទេសអូស្រ្តាលីនាពេលខាងមុខ។

ថ្លែងមតិក្នុងពេលសំណេះសំណាលនេះ លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានសម្ដែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានទទួលជោគជ័យប្រឡងជាប់ទទួលអាហារូបករណ៍ ទៅបន្តការ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី។

ក្រោយពីបានចែករំលែកបទពិសោធន៍នៃការបំពេញភារកិច្ច និងការរៀនសូត្រពីការងារជាក់ស្ដែងរយៈពេលជាង៤០ឆ្នាំ ក្នុងរដ្ឋបាលសាធារណៈរួចមក រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈក៏បានគូសបញ្ជាក់បន្ថែមទៅ កាន់ជ័យលាភីអាហារូបករណ៍ទាំងអស់ ដែលមានសមាសភាពជាមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន និង មន្រ្តីអង្គការក្រៅរដ្ឋាភិបាលថា « ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ -១៩ មន្រ្តីរាជការ សាធារណៈ របស់យើងគ្រប់ផ្នែកសុទ្ធតែបានពុះពាររក្សារបៀបរស់នៅ និងបំពេញការងារតាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីរួមចំណែកពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ »

ការចូលរួមយ៉ាងសកម្មក្នុងចលនាជាតិដើម្បីប្រយុទ្ធ ទប់ស្កាត់ គ្រប់គ្រងយកឈ្នះបានកូវីដ-១៩ ក្រោមមគ្គុទ្ទេសភាពដ៏ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺជាមេរៀន ពិសោធន៍សម្រាប់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសក្នុងការបន្តជំរុញបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព សុខុមាលភាព និងវិបុលភាពរបស់សង្គមជាតិតទៅអនាគត។

ប្រការនេះបង្ហាញច្បាស់ថា ទោះជាត្រូវប្រឈមជាមួយផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ តែបេសកកម្មកសាងស្ថាបនាជាតិនៅតែជម្រុលទៅមុខជាដរាប ហើយដំណើរការនៃការកសាងនិងអភិវឌ្ឍ សមត្ថភាពមន្រ្តីរាជការក៏មិនអាចត្រូវបានបង្អាក់ដោយសារការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានឡើយ។

លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាជូនចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបន្តផ្ដល់ជំនួយឧបត្ថម្ភដល់ការសិក្សា បណ្ដុះបណ្ដាលសម្រាប់សិស្សនិស្សិត និង មន្រ្តីរាជការកម្ពុជា។

នៅទីបញ្ចប់នៃការសំណេះសំណាល លោក ព្រុំ សុខា បានធ្វើការផ្ដាំផ្ញើក្នុងនាមរដ្ឋាភិបាលចំពោះនិសិ្សតអាហារូបករណ៍ទាំងអស់ ត្រូវក្ដាប់ជាប់ឱកាសទទួលបានពីការអប់រំដ៏ថ្លៃថ្លានេះ ដោយត្រូវខិតខំសិក្សារៀនសូត្រ ឱ្យមានចំណេះដឹង និងជំនាញពិតប្រាកដដែលអាចប្រើប្រាស់បានក្នុងជីវិតការងារសំរាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយដើម្បីវិលត្រឡប់មកបម្រើជាតិមាតុភូមិ និងប្រជាជនយើងវិញឱ្យបាន ប្រសើរថ្លៃថ្លាថែមទៀត៕