(តាកែវ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លងព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានានៅលើកំពូល ភ្នំសន្លុង ក្នុងបរិវេណវត្តរស្មីមហារះភ្នំសន្លុង ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងបានថ្លែងអំណរគុណ ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងលោកស្រី និន សាផុន តំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាង ព្រះបដិមាព្រះសិអារ្យ បុស្បុក សម្រាប់ ទុកជាទី សក្ការៈ និងគោរពបូជា។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា កាលពី៤៣ឆ្នាំមុន ប្រទេសកម្ពុជា បានឆ្លងកាត់សង្គ្រាមរាំរ៉ៃ ពោលវិស័យទាំងអស់ត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានបំផ្លិចបំផ្លាញ ចំណែកឯព្រះសង្ឃ ត្រូវបានចាប់ផ្សឹក វត្តអារាមបានក្លាយជាទីកន្លែងឃុំឃាំង។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយអនុវត្តនយោបាយឈ្នះឈ្នះ បានកសាងប្រទេសពីបាតដៃទទេ រហូតដល់មានការអភិវឌ្ឃន៍ដូចសព្វថ្ងៃ។

លោកស្រី ម៉ែន សំអន បន្តទៀតថា តាមរយៈសមិទ្ធិផលទាំងនេះ ពិតជាបានចូលរួមចំណែកក្នុងការពង្រឹងវិស័យ ពុទ្ធចក្រ និងវិស័យអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត។ ម៉្យាងទៀត សមិទ្ធិផលទាំងនេះ បានចូលរួមចំណែកក្នុងការលើកសោភណ្ឌភាពរបស់ខេត្តផង ដើម្បីទាញចំណូលពីវិស័យទាំងនេះ ក្នុងការក្លាយទៅជារមណីយដ្ឋានទេសចរណ៍ ព្រះពុទ្ធសានាកាត់បន្ថយភាពក្រីក្រ។

លោកស្រី ម៉ែន សំអន បានអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ខណៈមេរោគបំផ្លែងខ្លួនថ្មី «អូមីក្រុង» កំពុងតែរីករាលដាល នៅពាសពេញពិភពលោក៕