(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្ត។ ជាមួយគ្នានេះ សម្តេចក៏បានផ្ញើសារព្រមានថា នឹងមិនអត់ឱនឱ្យនរណាម្នាក់ ឬក្រុមណាមួយដែលព្យាយាមបំផ្លាញសន្តិភាព របស់កម្ពុជានោះទេ។
នេះគឺជាសារសំខាន់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតចំពោះជនមួយក្តាប់តូច ឬអ្នកណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសន្តិភាពរបស់កម្ពុជា ហើយរុញឲ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមម្តងទៀត។ សម្តេចថា សន្តិភាពនេះសម្តេចបានខិតខំជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកអភិវឌ្ឍឱ្យរីកចម្រើន និងបង្កើតឱកាសលូតលាស់ទាំងអស់គ្នា។ សម្តេចបានព្រមានថា សិទ្ធិបញ្ចេញមតិគឺមានព្រំដែនកំណត់ ហើយកុំអាងតែមានសិទ្ធិបញ្ចេញមតិ មកនិយាយប៉ះពាល់ដល់គេឯងនោះទេ គេនឹងវាយបក និងឆ្លើយតបទៅវិញហើយ ព្រោះគេមានសិទ្ធិការពារខ្លួនរបស់គេដែរ។
* ខ្លឹមសារមួយទៀត គឺសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្រ្តីទាំងអស់ បើកយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារខ្វះទឹកនោះទេ។ ជាមួយគ្នានេះ សម្តេចប្រកាសមិនឲ្យក្រសួងនានា ហៅអភិបាលខេត្តឡើងមកប្រជុំនៅភ្នំពេញឡើយ ដោយទុកពេលវេលា ឲ្យអភិបាលខេត្តទាំងអស់អន្តរាគមន៍ដឹកទឹក ចែកជូនប្រជាពលរដ្ឋ។ សម្តេចអំពាវនាវឲ្យក្រុមហ៊ុនផលិតទឹកសុទ្ធនានា ចូលរួមបរិច្ចាកទឹកជូនប្រជាពលរដ្ឋដែលកំពុងរងការខ្វះខាត។ ក្រៅពីនោះសម្តេចតេជោ បានស្នើឲ្យកាកបាទក្រហមកម្ពុជា បង្វែរទិសដៅពីការជួយជំនួយផ្សេងៗ មកជាការផ្តល់ជំនួយជាទឹកដល់ប្រជាពលរដ្ឋវិញ។
* សម្តេចតេជោ អំពាវនាវឲ្យមន្រ្តីគណបក្សប្រជាជន ត្រូវចូលរួមចែកទឹកដល់ប្រជាពលរដ្ឋផងដែរ។ សម្តេចបានចាត់ទុកថា បញ្ហាកង្វះទឹកនេះជាគ្រោះមហន្តរាយសម្រាប់កម្ពុជា។ សម្តេចមិនបានស្នើថ្វាយព្រះមហាក្សត្រ និងរដ្ឋសភា ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ប៉ុន្តែសម្តេចបានប្រកាសដាក់ជំនួសមកវិញនូវយុទ្ធនាការ ដឹកទឹកចែកជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បក្សនយោបាយទាំងអស់ ចូលរួមក្នុងយុទ្ធនាការចែកចាយទឹក ដល់ប្រជាពលរដ្ឋ ។ សម្តេចនឹងចាំមើលថា តើបក្សនយោបាយណាខ្លះ ដែលចូលរួមចែកទឹកដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមដណ្តើមសន្លឹកឆ្នោត។ សម្តេចសង្ឃឹមថាគណបក្សទាំងអស់នឹងយល់ពីស្ថានភាព នៅកម្ពុជានាពេលនេះ ដូច្នេះសូមរួមគ្នាជួយប្រជាពលរដ្ឋ។
* ចំណែកចំណុចដែលបានលើកឡើងមួយចំនួនទៀត នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានបន្តចាប់អារម្មណ៍ចំពោះ បទចម្រៀងខ្មែរជំនាន់ថ្មី «ញីកែងជើង»។ សម្តេចបានរំពឹងថា បទចម្រៀង «ញីកែងជើង» និពន្ធដោយស្នាដៃកូនខ្មែរ ហើយកំពុងល្បីល្បាញ នៅកម្ពុជាបច្ចុប្បន្ន និងប្រទេសដទៃមួយចំនួនទៀត នឹងល្បីល្បាញដូចបទចម្រៀងរបស់កូរ៉េបទ «Gangnam Style» ដែលធ្វើឲ្យពិភពលោក រំជើបរំជួលជាមួយនឹងក្បាច់រាំ នៃបទចម្រៀងនេះ។ សម្តេចថា បទ រាំញីកែងជើង ស្រួលរាំជាងបទ Gangnam style ហើយថាចៅៗរបស់សម្តេចរាំបទនេះ ហើយបញ្ជូនតាមវីដេអូតាម Whatsapp ឲ្យមើល៕