(ភ្នំពេញ)៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធាន អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង លោកស្រី កាមេយ ហារូកុ ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ចៃកា) ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០២២ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ-ជំហានទី៣»

គម្រោងនេះមានរយៈពេល បួន(៤)ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមអនុវត្ត នៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម រវាងភាគីទាំងពីរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

កន្លងមក ដោយមានការពិចារណាអំពីតម្រូវការចាំបាច់នូវប្រសិទ្ធភាពលើការងារប្រតិបត្តិការ និងការគ្រប់គ្រងចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ទីភ្នាក់ងារចៃកាបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ លើការអភិវឌ្ឍសមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រ ចាប់តាំងពីឆ្នាំ២០១៣។ គម្រោងអភិវឌ្ឍន៍សមត្ថភាពជំហានទី៣ ត្រូវបានអនុវត្តឡើងទន្ទឹមគ្នានឹង គម្រោងប្រើប្រាស់កម្ចីហិរញ្ញប្បទានរបស់ជប៉ុនមួយទៀត ដែលបាននឹងកំពុងដំណើរការ គឺគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ-ជំហានទី១ ដែលការងារសាងសង់គ្រោងនឹងត្រូវបញ្ចប់ និងដាក់ឱ្យប្របតិបត្តិការ នៅឆ្នាំ២០២៥ ខាងមុខ។

«យើងសង្ឃឹមយ៉ាងមុតមាំថា ការអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាពតាមរយៈគម្រោង រួមជាមួយនឹងការសាងសង់នូវចំណតផែកុងតឺន័រថ្មី នឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍វិស័យកំពង់ផែ និងពង្រឹងភាពប្រកួតប្រជែងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕