(ប្រេស៊ីល)៖ ៦២ភាគរយនៃប្រជាជនប្រេស៊ីលទាំងអស់ ចង់ឲ្យប្រធានាធិបតីលោកស្រី ឌីលម៉ា រួសេហ្វ (Dilma Rousseff) និងអនុប្រធានាធិបតីលោក មីជែល ថេមើ (Michel Temer) ចុះចេញពីជួរថ្នាកដឹកនាំរដ្ឋាភិបាល។ នេះបើតាមការស្ទង់មតិនៅប្រេស៊ីល ដែលស៊ិនហួរ ដកស្រង់នៅ មុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។
ការស្ទង់មតិខាងលើនេះ ត្រូវបានធ្វើឡើងដោយស្ថាប័នឯករាជ្យមួយ ទៅលើប្រជាជនចំនួន ២,០០២នាក់ នៅក្នុងតំបន់ ១៤២កន្លែងផ្សេងៗគ្នានៅទូទាំងប្រទេស ដែលពួកគេមានអាយុ ចន្លោះពី ១៦ ទៅ ២៤ឆ្នាំ។ ជាលទ្ធផលក្នុងនោះ ៦២ភាគរយក្នុងចំណោមអ្នកផ្តល់មតិទាំងអស់ ចង់ឲ្យមេដឹកនាំកំពូលទាំងពីររូបរបស់ប្រេស៊ីល លាលែងចេញពីតំណែង។
លោកស្រី រួសេហ្វ ត្រូវបានគេចោទប្រកាន់ថាបានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹង ការប្រើប្រាស់ថវិកាជាតិ ដោយគ្មានការពិនិត្យ និងទទួលស្គាល់ជាក់លាក់ ហើយក៏មានទាំងការ ពន្យាពេលបង់ថវិកាទៅកាន់ធនាគាររដ្ឋថែមទៀត។ បន្ថែមពីនេះលោកស្រី ក៏ត្រូវបានគេចោទ ប្រកាន់រឿង ភាពមិនច្បាស់លាស់នៃការគ្រប់គ្រង់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលផងដែរ៕