(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញ ចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដូសទី៤ នៅវិមានរដ្ឋសភា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ថ្លែងក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអំពាវនាវដល់ជនរួមជាតិទំាងអស់ទៅចាក់វ៉ាក់សំាងដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ សុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារជំងឺកូវីដ-១៩ ពិសេសទប់ស្កាត់វីរុសបំប្លែងថ្មី អូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិ។

សម្តេចបានថ្លែងបន្ថែមថា ទោះបីបងប្អូនជនរួមជាតិ បានចាក់វ៉ាក់សំាងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តីសូមបន្តអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះ រីករាលដាលនៅក្នុងសង្គមជាតិបានសារជាថ្មីបាន។ ការផ្អាកសង្គម និងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកទំាងក្នុងការរស់នៅនិងជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេច បានគូសបញ្ជាក់ថា ដើម្បីជៀសផុតពីការលំបាកទំាងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សំាង និងអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ និងគ្រប់ៗគ្នា មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់បងប្អូនជនជាតិគ្រប់គ្នាប៉ុណ្ណោះទើបគ្រួសារ និងសង្គមជាតិអាចឈ្នះនឹងជំងឺកូវីដ-១៩បាន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋ ពីជំងឺដ៏កាចសាហាវ នេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សំាង បានយ៉ាងជោគជ័យ រហូតអាចឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចបានឡើងវិញនៅពេលនេះ។ សម្តេចប្រធាន រដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទំាងលាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សំាង និងឧបករណ៍វេជ្ជសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩បានរហូតមក៕