(ភ្នំពេញ)៖ សហព័ន្ធសន្តិភាពសកលប្រចាំកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយ ឬតតីយជនទាំងឡាយ សូមរក្សាសេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ខ្លួនដោយមិនធ្វើការបំភ្លើស និង មិនបំភ្លៃការពិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធសន្តិភាពសកលប្រចាំនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានចេញសារមួយរិះគន់ចំពោះការគាំទ្ររបស់សហព័ន្ធសន្តិភាពសកល ចំពោះដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្មីៗនេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ដូច្នេះថា៖ «ការិយាល័យសហព័ន្ធសន្តិភាពសកលប្រចាំកម្ពុជា សូមអំពាវនាវ ដល់អ្នកនយោបាយ ឬតតីយជនទាំងឡាយ សូមរក្សាសេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ខ្លួនដោយមិនធ្វើការបំភ្លើស និង មិនបំភ្លៃការពិតទាំងឡាយប្រាស់ចាសពីកម្មវត្ថុពិតប្រាកដរបស់សហព័ន្ធសន្តិភាពសកល ជាពិសេស សូមរក្សា តម្លៃសិទ្ធិរបស់បុព្វបុរសដែលមិនគួរត្រូវបានប្រមាថ»

សហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) គឺជាបណ្តាញនៃគ្រួសារ និងស្ថា ប័នអន្តរជាតិ និង អន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយដើម្បីរួបរួមគ្នាបង្កើតពិភពលោកសន្តិភាពមួយ ហើយសមាជិកទាំងអស់ គឺជាសង្គមគ្រួសារមួយដែលអាចរស់នៅ និងធ្វើការជាមួយគ្នាដោយសុខដុមរមនា មានវិបុលភាពរួមគ្នា និងចេះ គោរពគ្នាទៅវិញទៅមក ក្រោមការប្តេជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការតាមរយៈអភិបាលកិច្ចល្អ។

សហព័ន្ធសន្តិភាពសកល (UPF) បាននិងកំពុងធ្វើការជាមួយមេដឹកនាំទូទាំងសកលលោក ដែលមាន ឆន្ទៈបង្កើតសន្តិភាពរួមគ្នាសម្រាប់មនុស្សជាតិ។ សហព័ន្ធសន្តិភាពសកល មិនមែនជាគណបក្សនយោបាយ ឬ ពាក់ព័ន្ធនយោបាយទេ ប៉ុន្តែយើងផ្តល់តម្លៃលើតួនាទីដែលអ្នកដឹកនាំនយោបាយដើរតួក្នុងពិភពដ៏ស្មុគស្មាញន អភិបាលកិច្ច និងទំនាក់ទំនងអន្តរជាតិ។ យើងមានបំណងលើកកម្ពស់សន្តិភាពជាសកលទៅហួសពីសាសនា ពូជសាសន៍ ប្រទេសជាតិ វប្បធម៌ និងនយោបាយជាដើម។

សហព័ន្ធសន្តិភាពសកល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ ដោយលោកបណ្ឌិត Sun Myung Moon និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន ។ លោកបណ្ឌិត Sun Myung Moon បានទទួលមរណៈភាព កាលពីឆ្នាំ២០១២។ សហព័ន្ធសន្តិភាពសកល បច្ចុប្បន្នដឹកនាំដោយលោកបណ្ឌិត Thomas G. Walsh ជនជាតិ អាមេរិក ដែលមានស្នាក់ការកណ្តាលនៅទីក្រុង Washington សហរដ្ឋអាមេរិក។ សហព័ន្ធសន្តិភាពសកល មាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់ អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅ កម្ពុជាផងដែរ។ សហព័ន្ធសន្តិភាពសកលមាន ទូតសន្តិភាព ជាង៥ម៉ឺននាក់ ដែលជាឯកអគ្គរាជ/រដ្ឋទូត មេដឹកនាំ សាសនា អ្នកដឹកនាំសង្គមស៊ីវិល ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាល នៅជុំវិញពិភពលោក៕