(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក ប៉ាន សូរស័ក្តិ បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះថា ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក គឺដើម្បីជាពង្រឹងការយល់ដឹង ផ្នែកកម្មសិទ្ធិបញ្ញានៅកម្ពុជា។
លោកបានថ្លែងក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកជាលើកទី៣ នៅទីស្តីការក្រសួងទៀតថា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន Westec Media Limited (WML) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងវិស័យកម្មសិទ្ធិបញ្ញាដែលជាវិស័យមួយដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ និងដើម្បីពង្រឹងការយល់ដឹងផ្នែកកម្មសិទ្ធិបញ្ញានេះបន្ថែមទៀត ទៅដល់សិស្ស និសិ្សត អ្នកស្រាវជ្រាវ អាជីវករ និងប្រជាពលរដ្ឋទូទៅ។
លោករដ្ឋមន្ត្រីបន្ថែមថា ប្រធានបទសម្រាប់ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងឆ្នាំ២០១៦នេះគឺ «ការច្នៃប្រឌិតផ្នែកឌីជីថល៖ Digital Creativity : Culture Reimagined» ហើយ Digital Creativty គឺពាក់ព័ន្ធនឹងការច្នៃប្រឌិត និងបង្កើតថ្មីបែបឌីជីថល ហើយ Reimaging Culture ពាក់ព័ន្ធនឹងការបង្កើតការទាញយក និងការឲ្យតម្លៃផ្នែកហិរញ្ញវត្ថុ ដែលកិច្ចការទាំងនេះ មានឧបសគ្គជាច្រើន ដូច្នេះដើម្បីជំរុញឲ្យសិល្បករ និងផលិតករនៅតែបង្កើតស្នាដៃថ្មី ត្រូវតែមានការលើកទឹកចិត្តរសមរម្យដល់ពួកគាត់»។
លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលដែលកម្ពុជាបានអនុម័ត កាលពីឆ្នាំ២០០៣ ក្នុងគោលបំណងផ្តល់នូវការការពារដល់អ្នកនិពន្ធ អ្នកសម្តែងផលិតករ និងអង្គភាពទូរផ្សាយ ដើម្បីគ្រប់គ្រងនូវស្នាដៃរបស់ខ្លួន ពាក់ព័ន្ធនឹងមាតិកាឌីជីថល និងការប្រើប្រាស់ស្នាដៃទាំងនោះ លើប្រព័ន្ធអ៊ីនធើណិត៕