Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើង ទំនងជាកំពុងត្រៀមបាញ់គ្រាប់មីស៊ីលផ្លោងថ្មីមួយទៀត បង្ហាញពីភាពគឃ្លើនមិនខ្លាចមហាអំណាចនានា

26-04-2016 13:58

(សេអ៊ូល)៖ តាមប្រភពពីទីភ្នាក់ងារតាមដានសកម្មភាពកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅ កូរ៉េខាងត្បូងបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងទំនងជាកំពុងតែរៀបចំការបាញ់ គ្រាប់មីស៊ីលផ្លោង រយៈចម្ងាយមធ្យមមានឈ្មោះថា Musudan បន្ទាប់ពីបានទទួលបរាជ័យម្តងរួចមកហើយ កាលពី១១ថ្ងៃមុន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។

កូរ៉េខាងត្បូង បានអះអាងថា មីស៊ីលដែលកូរ៉េខាងជើងគ្រោងបាញ់នោះ យ៉ាងហោចណាស់ ក៏មានចំនួនពីរគ្រាប់ដែរ ហើយគ្រាប់ទាំងនោះត្រូវបានដាក់ត្រៀមទុកជាស្រេចហើយ ដែលអាចនឹងធ្វើការបាញ់សាកល្បងនៅក្នុងពេលណាមួយ ជាក់ជាមិនខាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បង គ្រាប់មីស៊ីល Musudan ដែលអាចវាយប្រហារដល់កោះ Guam និង ឆ្នេររបស់រដ្ឋ Alaska ដែលសុទ្ធសឹងតែជាទឹកដីអាមេរិក។ វាត្រូវបានក្រុមអ្នកតាមដានកូរ៉េខាងត្បូងអះអាងថា បានទទួលបរាជ័យ ដោយសារតែគ្រាប់នោះបានផ្ទុះនៅកណ្តាលអាកាស៕