(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ គណៈកម្មាធិការគណបក្សប្រជាជន សង្កាត់ ព្រែកប្រា បានរៀបចំពិធីសន្និបាតបូកសរុប កម្មវិធីនយោបាយអភិវឌ្ឍសង្កាត់ អាណត្តិទី៤ (ឆ្នាំ២០១៧- ២០២២ ), គោលនយោបាយ អភិវឌ្ឍ សង្កាត់អាណត្តិទី៥ (២០២២-២០២៧ ) និងការបង្ហាញបេក្ខភាព សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥(ពេញសិទ្ធ និងបំរុង) ។

ពិធីសន្និបាតនេះ ធ្វើនៅទីស្នាក់ការគណបក្សសង្កាត់ព្រែកប្រា ស្ថិតក្រោមអធិបតីភាព លោក ចេង មុនីរ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានការចូលរួមពីលោក សាយ សាគង់ តំណាងលោក ចៅ តុល អនុប្រធានក្រុមកាងារចុះជួយសង្កាត់ព្រែកប្រា, លោកស្រីសេន សាណាស់ សមាជិកគណៈ អចិន្ត្រៃយ៍ គណបក្សខណ្ឌច្បារអំពៅ, លោក ងិន ធីរ៉ូ ប្រធាន គណ:កម្មាធិការ គណបក្ស សង្កាត់ព្រែកប្រា និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារចុះជួយសង្កាត់និងសមាជិក សមាជិកាគណបក្សប្រជាជនសង្កាត់ព្រែកប្រា សរុបចំនួន ១៣២នាក់។

លោក ចេង មុនីរ៉ា បានផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែនឹករលឹកដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់សមាជិកបក្សនៅទូទាំងប្រទេស។ លោកបានបន្ថែមថា សន្និបាតថ្ងៃនេះ គឺអនុវត្តតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជាមួយគ្នានេះ លោកប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកប្រា ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលគណបក្សសង្កាត់ រួមគ្នាសម្រេចបាននាពេលកន្លងមក និងក៏បានធ្វើការណែនាំទៅ លើផែនការសកម្មភាពការងារ ដែលត្រូវអនុវត្តបន្ត ព្រមទាំងលើកឡើងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទពិសោធន៍ សំដៅឈានទៅទទួលបានជោគជ័យ នាអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខផងដែរ។

លោកបានក្រើនររំលឹកដល់សមាជិកបក្សនិងក្រុមបក្សទូទាំងសង្កាត់ ត្រូវបន្តធ្វើបច្ចុប្បន្នភាព បញ្ជីក្រុមឱ្យបានច្បាស់លាស់ និងបន្តរក្សាឱ្យបាន នូវចលនារបស់បក្ស ក្នុងមូលដ្ឋាន ដែលធ្លាប់ធ្វើសកម្មភាពជាប្រចាំកន្លងមក ដោយនិរន្តភាព ព្រមទាំងបន្តពង្រីកនូវសមាជិកថ្មី និងធ្វើសកម្មភាព ឆ្ពោះទៅមូលដ្ឋាន សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ពិសេសទាក់ទាញនូវទំនុកចិត្តលើការដឹកនាំអភិវឌ្ឍន៍ប្រទេសរបស់គណបក្ស ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត៕