Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ធន សារាយ៖ មន្ត្រីសមាគមអាដហុកទាំង៥នាក់ នឹងទៅបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុករលួយ

26-04-2016 12:34

(ភ្នំពេញ)៖ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក លោក ធន សារាយ បានអះអាងថា មន្រ្តីសមាគមអាដហុករបស់លោក នឹងទៅបំភ្លឺជូនអង្គភាពប្រឆាំងអំពើពុករលួយ តាមពេលវេលាកំណត់ ក្រោយមានដីកាកោះហៅជាបន្តបន្ទាប់។

ថ្លែងក្នុងសន្និសីទកាសែត «ការបង្ហាញអាណត្តិការងាររបស់អាដហុកទាក់ទិននឹងករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅ‎ស្រីមុំ» នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ លោក ធន សារាយ បានលើកឡើងថា «យើងមិនដឹងធ្វើយ៉ាងម៉េចទេ មានតែទៅតាមអ្វីដែលជាដីកាកោះហៅយើង យើងនឹងទៅបំភ្លឺបន្តទៀត អ្វីដែលជាការចោទប្រកាន់មកលើបុគ្គលិករបស់យើង បុគ្គលិកយើងបានត្រៀមខ្លួន ដើម្បីនឹងទៅឆ្លើយបំភ្លឺ ជាហូរហែទៅតាមហ្នឹង»

លោកបានបន្ថែមថា «សមាគមអាដហុក២៥ឆ្នាំមកនេះ យើងមិនដែលធ្វើអ្វីដែលជាកំហុសឆ្គងនឹងច្បាប់ និងគោលការណ៍សិទ្ធិមនុស្សទេ យើងតែងតែអប់រំប្រជាពលរដ្ឋតាំងពីដើមទីមក ឱ្យប្រជាពលរដ្ឋយើងទាំងមន្រ្តីរាជការ យើងបានបង្រៀនច្រើនណាស់»

កាលពីម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតកោះហៅ មនុស្ស៨នាក់ ដែលពាក់ព័ន្ធនឹងសំណុំរឿង ស្រីមុំ ហើយក្នុងចំណោម៨នាក់នោះ មាន៥នាក់ជាមន្រ្តីអង្គការអាដហុក រួមមាន
១៖ លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
២៖ លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
៣៖ លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក
៤៖ លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមអាដហុក 
៥៖ លោកស្រី ទ្រី ឈូន មេធាវី ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងការណែនាំឱ្យ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ផ្តល់ចម្លើយដល់អាជ្ញាធរមានសមត្ថកិច្ច នៅថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០១៦ខាងមុខ៕