(ពោធិ៍សាត់)៖ លោក លឹម វ៉ាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់តំណាងលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។
តាមប្រកាសរបស់ក្រសួងបានសម្រេចតែងតាំង លោក លៀម ប៊ុនរឿន អតីតប្រធាន មន្ទីរមុខងារសាធារណៈ មកជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តពោធិ៍សាត់វិញ ជំនួសលោក ចេង ឡៃ ដែលត្រូវផ្លាស់ចេញទៅទទួលភារកិច្ចថ្មី ។
លោក លៀម ប៊ុនរឿន ដែលត្រូវបានថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ផ្ដល់ទំនុកចិត្តតែងតាំងជាប្រធានមន្ទីរថ្មីបានប្ដេជ្ញាថា នឹងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ពិសេសអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឲ្យទទួលជោគជ័យ។ពង្រឹងសាមគ្គីភាពផ្ទៃក្នុងទប់ស្កាត់និងដោះស្រាយសំណង់រំលោភច្បាប់សហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងអង្គភាពពាក់ពន្ធដើម្បីការងារជោគជ័យ និងអភិវឌ្ព្យន៍ខេត្តឲ្យកាន់តែរីកចំរើន។
ក្នុងឱកាសនោះលោក ម៉ៅ ធនិន និងលោក លឹម វ៉ាន់ បានថ្លែងថា ការប្រកាសតែងតាំងប្រធាន មន្ទីរថ្មីនេះជារឿងធម្មតាសំរាប់មន្ត្រី រាជការទូទៅដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងពង្រឹងការងារឲ្យកាន់តែរលូនថែមទៀត។ លោកសង្កត់ធ្ងន់ថា នៅពេលធ្វើជាមេគេ ត្រូវមានទឹកដោះឲ្យកូនបៅ បើគ្មានទឹកដោះក៏ត្រូវមានទឹកស្ករ ឫក៏ទឹកបបរដែរ សុខចិត្តឲ្យស្ដួចកុំឲ្យដាច់ ធ្វើយ៉ាងណាឲ្យកូនចៅ ក្រោមឱវាទស្រឡាញ់ពេញចិត្ត បើកូនចៅមិនពេញចិត្តមិនអាច គ្រប់គ្រងដឹកនាំគេបានទេ។ កុំយកតួនាទីភារកិច្ចរបស់ខ្លួនទៅធ្វើ អាជីវកម្មប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ និងកុំបក្ខពួកនិយមឬគ្រួសារនិយមនាំឲ្យកើតជាបញ្ហា៕