សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ដល់មន្ត្រីនគរបាលចរាចរណ៍ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ
26-04-2016 11:58
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦នេះ បានផ្តល់ថវិកាមួយចំនួននិងគ្រឿង ឧបភោគ-បរិភោគ រួមមាន អង្ករ មី ត្រីខ មុង ភួយ សារុង និងក្រមា ជូនដល់ លោក ហេង ខុម មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោក ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅនេះ នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីប្រគល់អំណោយមនុស្សធម៌នេះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំការសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ហើយសម្តេច ចូលរួមសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុ ដែលកើតមានឡើង ចំពោះក្រុមគ្រួសារ លោក ហេង ខុមផងដែរ។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានផ្តាំផ្ញើ លោក ហេង ខុម សូមកុំអស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ច ក្នុងនាមជាមន្ត្រីរាជការបន្តទៅទៀត ដើម្បីបានចិញ្ចឹមជីវិត ស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
ទន្ទឹមនឹងនោះ លោក ហេង ខុម បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគជាច្រើន ដល់គ្រួសាររបស់លោក ដើម្បីផ្តល់ភាពកក់ក្តៅនិងក្តីសង្ឃឹម សារជាថ្មី ហើយមិនតែប៉ុណ្ណោះ សម្តេច តែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋរងគ្រោះទូទៅ ដែលមានជីវភាពលំបាក ដោយមិនរើសអើង ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ៕