Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនបារាំង នឹងផលិតនាវាមុជទឹក ១២គ្រឿងថ្មីឲ្យអូស្ត្រាលី តម្លៃ៤០ពាន់លានដុល្លារ

26-04-2016 11:44

(អូស្ត្រាលី)៖ ក្រុមហ៊ុនផលិតនាវារបស់ប្រទេសបារាំង (DCNS) បានព្រមព្រៀង លើកិច្ចសន្យាដែលមានរង្វង់ទឹកប្រាក់ ៤០ពាន់លាន ដុល្លារអាមេរិក ជាមួយនឹងប្រទេសអូស្ត្រាលី ក្នុងការកសាងនាវាមុជទឹកជំនាន់ថ្មីហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ិនហួរ ដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។

ក្រុមហ៊ុន DCNS និងរដ្ឋាភិបាលអូស្ត្រាលី បានពិភាក្សា និងចរចាគ្នាជាច្រើនខែមកហើយ មុននឹងសម្រេចចេញជាកិច្ចព្រមព្រៀង ខាងលើនេះ។ នាវាមុជទឹកជាច្រើនគ្រឿង ដែលអូស្ត្រាលី ត្រូវការឲ្យក្រុមហ៊ុនបារាំងផលិតនោះ គឺជាប្រភេទថ្មីដែលទំនើបនឹងប្រសើរ ជាងមុនឆ្ងាយណាស់។

គួរបញ្ជាក់ថានាវាមុជទឹកទាំង ១២គ្រឿងខាងលើនេះ នឹងត្រូវកសាងនៅរោងចក្រក្នុង តំបន់ភាគខាងត្បូងរបស់ប្រទេសអូស្ត្រាលី ដើម្បីយកមកជំនួសនាវាមុជទឹកជំនាន់មុន Collins Class ដែលជិតចូលនិវត្តន៍។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងថា នាវានេះនឹងត្រូវ ដាក់ឲ្យ ដំណើរនៅក្នុងដែនទឹករបស់អូស្ត្រាលី នៅពេលវាត្រូវបានគេផលិតរួចរាល់ ព្រមទាំងអាច បំពេញប្រតិបត្តិការរហូតដល់ឆ្នាំ ២០៦០៕