(កែប)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា តាមរយៈសមិទ្ធផលជាច្រើនៅក្នុងវត្តសត្ថាធម្មវិហារនឹងប្រែក្លាយវត្តនេះទៅជាវត្តរមណីយដ្ឋានពុទ្ធសាសនា វប្បធម៌ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិមកថ្វាយបង្គំព្រះ និងទស្សនា ដោយការផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៅលើកំពូលភ្នំ ដែលពោរពេញទៅដោយសមុទ្រជុំវិញ ខៀវស្រងាត់ និងការអភិវឌ្ឍន៍ខេត្តកែប

ការលើកឡើងបែបនេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងនៅក្នុងឱកាសលោកស្រីបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា បានអញ្ជើញជាអធិបតីក្នុងពិធីពុទ្ធាភិសេក ព្រះអង្គប្រក់នាគកម្ពស់ទាំងនាគ ១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលមានទីតាំងនៅវត្តសត្ថាធម្មវិហារ (ភ្នំពោន) ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

នាឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ទីតាំងវត្តសត្ថាធម្មវិហារ ស្ថិតក្នុងភូមិសសាស្ដ្រអំណោយផលល្អ ដូចជា៖ មានព្រៃព្រឹក្សា មានដើមកោងកាងដែលមានជីវៈចម្រុះផ្ដល់នៅផលប្រយោជន៍ប្រព័ន្ធអេកូឡូស៊ី មានឆ្នេរខ្សាច់យ៉ាងល្អស្អាត និងអាកាសធាតុល្អបរិសុទ្ធ។ ម៉្យាងទៀត តាមរយៈវត្តនេះក៏បានលើកស្ទួយដល់ការអភិវឌ្ឍន៍ខេត្ត និងលើកកម្ពស់សោភ័ណភាពរបស់ខេត្តកែប បានថែមួយកម្រិតទៀត។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងបានថ្លែងអំណរព្រះគុណ ព្រះកែបធម្មសម្រាន្តមុនី ផាត់ ធួក ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសមុទ្ទទេវរង្សី ព្រះមេគណខេត្តកែប និងជាចៅអធិការ វត្តសត្ថាធម្មវិហារ (ភ្នំពោន) ដែលបានដឹកនាំ កសាង និងអភិវឌ្ឍន៍នៅក្នុងវត្ត។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលបានរួមគ្នាកសាងសមិទ្ធិផលជាច្រើនទៀត នៅក្នុងវត្តជាពិសេសសូមថ្លែងអំណរគុណដល់ឧបាសិកា នាង ហួន និងលោកស្រី ទ្រី សុខា ព្រមទាំងបុត្រ ដែលមានសទ្ធាជ្រះថ្លា ក្នុងការកសាងបញ្ចប់រួចរាល់ជាស្ថាពរ ព្រះអង្គប្រក់នាគដ៏ស្គឹមស្គៃ ដើម្បីជាទីគោរសក្ការៈ។

ទន្ទឹមនឹងនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅពាសពេញពិភពលោក៕