(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រីជំនាញរបស់តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្ដន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងយុត្តិធម៌, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអង្គភាព ក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារផងដែរ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ។

សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើការចងក្រងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារមួយចំនួន ដែលមានសភាពរាយប៉ា និងត្រូវបានបង្កើតឡើងប្រមាណជិត៤ទសវត្សមកហើយ ឲ្យមានភាពប្រមូលផ្តុំមានសង្គតិភាព ធានាការអនុវត្តឲ្យកាន់តែមានភាពរលូន និងងាយស្រួល ធ្វើការសិក្សាស្វែងយល់។

ការរៀបចំនេះ ក៏មានគោលបំណងឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា នៅក្នុងតំបន់ និងសកលលោក ឲ្យសមស្របទៅនឹងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ចជាតិ និងអន្តរជាតិ និងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន ក្នុងសម័យឌីជីថល។

កត់សម្គាល់ផងដែរថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការធ្វើបទបង្ហាញ លើការរៀបចំសេចក្តីព្រាងច្បាប់ នេះផ្ទាល់ដោយ លោកប្រធានអង្គប្រជុំ និងមានការពិភាក្សានិងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជាមួយនឹងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទៅលើចំណុចនីមួយៗ។

លោកប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់អំពីសារៈសំខាន់ នៃកិច្ចប្រជុំដែលមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោក លោកស្រី ជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ៕