(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបលទ្ធផល ការងារ ៥ឆ្នាំ អាណត្តិទី៤ និងលើកទិសដៅកម្មវិធីនយោបាយអភិវឌ្ឍន៍៥ឆ្នាំ (២០២២-២០២៧) និងប្រកាសសមាភាពក្រុមប្រឹក្សាឃុំ អាណត្តិថ្មីជាផ្លូវការសរុបទាំងបេក្ខភាពពេញសិទ្ធិ និងបម្រុងចំនួន៣៥រូប ដែលត្រូវឈរឈ្មោះឲ្យប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាសង្កាត់អាណត្តិថ្មី២០២២ខាងមុខនេះ។

ពិធីនេះបានធ្វើឡើងនៅទីស្នាក់ការបក្សសង្កាត់ស្ទឹងមានជ័យទី១ ក្រោមវត្តមានលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាប្រធានក្រុមការងារចុះជួយ សង្កាត់ស្ទឹងមានជ័យទី១ រួមទាំងមានការចូលរួមពី អនុប្រធានសមាជិក សមាជិកា បក្សឃុំចំនួន១៥០នាក់។

ក្រោយពីមានការចូលរួមផ្តល់មតិយោបល់ពិភាក្សាយ៉ាងផុសផុល ពីសំណាក់អង្គសន្និបាត លោក គុជ បញ្ញាសា ក៏បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការគណបក្សសង្កាត់ សាខាបក្សភូមិ ក្រុមបក្ស សមាជិក សមាជិកា និងមន្ត្រីគណបក្សគ្រប់រូប នៅក្នុងសង្កាត់ទាំងមូល ដែលបានរួមចំណែកកសាងនូវ សមិទ្ធផលនានានៅក្នុងសង្កាត់ព្រមទាំងខិតខំពុះពាររាល់ការលំបាក ស្មុគស្មាញក្នុងការបំពេញភារកិច្ចបម្រើប្រជាជនផងដែរ។

លោក គុជ បញ្ញាសា បានបន្ថែមថា លទ្ធផលដ៏ត្រចះត្រចង់នេះ បានពង្រឹងតួនាទីដឹកនាំរបស់គណបក្សប្រជាជន ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឈានដល់ដំណាក់កាល វិវត្តថ្មីមួយទៀតនៃលទ្ធិប្រជាធិបតេយ្យដែលទាមទារនូវការទទួលខុសត្រូវ សមត្ថភាព និងការប្តេជ្ញាចិត្តកាន់តែខ្ពស់ថែមទៀត ហើយឆ្លងតាមលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការបំពេញភារកិច្ចជូនប្រជាជនកន្លងមកនេះ គណបក្សកាន់តែពង្រីកបានថែមទៀតនូវបទពិសោធក្នុងការដឹកនាំរបស់ខ្លួនថែមទៀតផងដែរ។

លោកបានបញ្ញាក់ទៀតថា ដោយពិនិត្យជារួមមុនឈានមកដល់ដំណាក់កាលនេះ នៅពេលដែលគណបក្សប្រជាជនកាន់អំណាច ក្នុងរបបនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនោះគឺតែងសង្កេតឃើញមានមន្ត្រីខ្លះយល់ថា ការងារបក្សមិនសំខាន់ទេ គឺខិតខំតែធ្វើការងាររដ្ឋឱ្យសម្រេចទៅបាន ហើយនេះគឺជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរ បំផុតរបស់មន្ត្រីដែលមើលស្រាលលើការងារបក្ស បានធ្វើឱ្យបាត់បង់របៀបរបបការងារគណបក្សថា្នក់នីមួយៗ ពេលនោះសាមគ្គីភាពផ្ទៃក្នុងត្រូវធ្លាក់។ សមាជិកទាំងអស់ ត្រូវយល់ច្បាស់ថា បើគ្មានការដឹកនាំខាងនយោបាយត្រឹមត្រូវ គ្មានការឯកភាពគ្នាខាងទស្សនៈគោលជំហរ សតិអារម្មណ៍ និងគ្មានការចាត់តាំងរឹងមាំរបស់គណបក្ស នៅគ្រប់ថ្នាក់ទេនោះគឺមិនអាចរក្សាអាទិភាពរបស់គណបក្សមកដល់ពេលនេះបានទេ។

ជាមួយគ្នានោះដែរលោកប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី១ ក៏បានដាក់ទិសដៅដែលត្រូវអនុវត្តបន្តរួមមាន៖

* ទី១៖ ត្រូវក្ដាប់ឱ្យជាប់គោលដៅចម្បងបំផុតរបស់គណបក្ស នោះគឺការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងសង្កាត់ទាំងមូល និងធានានូវបរិយាកាសសន្តិភាព ស្ថិរភាព ទូទាំង សង្កាត់ ដើម្បីឱ្យប្រជាជនរស់នៅប្រកបដោយសុខដុមរមនា និងមានជីវភាពរស់នៅសម្បូរធូរធា។

* ទី២៖ ត្រូវគិតគូរត្រៀមលក្ខណសម្បត្តិសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំអាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នៅឆ្នាំ២០២៣ខាងមុខ។ ក្នុងនោះក៏ត្រូវយកចិត្តទុកដាក់ជំរុញក្រុមការងារថ្នាក់សង្កាត់ ថ្នាក់ភូមិ ក្រុម ដើម្បីធ្វើសកម្មភាពរបស់គណបក្សជាប្រចាំ ។

* ទី៣៖ ត្រូវខិតខំអនុវត្តរាល់ភារកិច្ចកសាងពង្រឹងគណបក្ស តាមទិសដៅដែលសន្និបាតបានកំណត់រួមមាន៖

* ពង្រឹងការគ្រប់គ្រងអង្គការចាត់តាំងគណបក្សនៅថ្នាក់សង្កាត់-ភូមិ ក្រុម ឱ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ក្ដាប់តួនាទី-ភារកិច្ចរបស់ខ្លួន និងមានរបៀបរបប ធ្វើការងារ ច្បាស់លាស់ ជាពិសេសត្រូវធានាអនុវត្តរបបប្រជុំជីវភាពឱ្យបានទៀងទាត់។
* ពង្រឹងការគ្រប់គ្រងសមាជិកគណបក្សខាងនយោបាយ សតិអារម្មណ៍ បន្តជំរុញខ្លាំងក្លាក្នុងការកសាងពង្រឹងបក្ស ជាពិសេសក្នុងគ្រប់ស្រទាប់យុវជន។
* មន្ត្រីគណបក្សត្រូវមានអត្តចរិតស្មោះត្រង់ ស្អាតស្អំ សកម្មការងារសាមញ្ញ ត្រូវមានការត្រួតពិនិត្យ និងការអនុវត្តវិន័យយ៉ាងម៉ឺងម៉ាត់ចំពោះមន្រ្តីខុសឆ្គង។
* ពង្រឹងគុណភាពមន្ត្រីគណបក្សឱ្យមានគុណធម៌ និងសមត្ថភាពដែលជាកត្តានៃជ័យជំនះ៕