(ភ្នំពេញ)៖ អតីតព្រះសង្ឃ ពឿយ មេត្តា ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ក្រោយមានបណ្ឌឹងពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីបានកៀរគរដឹកនាំព្រះសង្ឃប្រមាណ១០០អង្គ ប្រមូលផ្តុំនៅមុខផ្ទះលោកស្រីឧកញ៉ា សៀង ចាន់ហេង ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីធ្វើការតវ៉ាសុំឱ្យលោកស្រីរូបនេះ ប្រគល់ដីជូនវត្តវិញ។

លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបញ្ជាឱ្យព្រះទេវសត្ថា ពឿយ មេត្តា បង្ហាញខ្លួន នៅនាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ នៅតាមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុននេះ តាមបណ្តឹងរបស់លោកស្រី សៀង ចាន់ហេង។ នេះបើតាមដីកាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ។

បើយោងតាមដីការបស់លោក ច្រឹង ខ្មៅ បានបញ្ជាយ៉ាងដូច្នេះថា៖ ឱ្យឈ្មោះ ពឿយ មេត្តា ភេទប្រុស ជនជាតិខ្មែរ កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ មានអាសយដ្ឋានសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលបង្ហាញខ្លួននៅ នាយកដ្ឋានកណ្តាលសន្តិសុខ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃ៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះញង់ឱ្យមានការរើសអើង និងបាតុកម្ម តាមពាក្យបណ្ដឹង អន្តរាគមន៍របស់ឈ្មោះ សៀង ចាន់ហេង។

គួររម្លឹកថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ព្រះទេវសត្ថា ពឿយ មេត្តា បានដឹកនាំព្រះសង្ឃប្រមាណ ១០០អង្គ ពីរាជធានីភ្នំពេញ មកប្រមូលផ្តុំនៅមុខផ្ទះលោកស្រីឧកញ៉ា សៀង ចាន់ហេង ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីធ្វើការតវ៉ាសុំឱ្យលោកស្រីរូបនេះ ប្រគល់ដីជូនវត្តវិញ។ ការតវ៉ានេះបានធ្វើឡើងតាំងពីម៉ោងប្រមាណជាង២ រសៀលរហូតដល់យប់ទើបបានរំសាយទៅវិញ បន្ទាប់ពីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ សម្របសម្រួលថានឹងដោះស្រាយជូននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

ពាក់ព័ន្ធនឹងការតវ៉ាទាមទារដីវត្តនេះ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានចេញសង្ឃដីកាសម្រេច ថ្វាយប្រគល់សិទ្ធិគ្រប់គ្រង និងកាន់កាប់ដីវត្ត «បារមីគិរីខេមរាភ្នំបិតាធំ» (ហៅវត្តលោកយាយជំទាវហេង) នៅប្រទេសជប៉ុន ដល់គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាគរុភ័ណ្ឌសង្ឃ និងសម្បត្តិមរតកពុទ្ធសាសនាថេរវាទកម្ពុជាតទៅ ហើយព្រះទេវសត្ថា ពឿយ មេត្តា និងសហធម្មិកៈ ព្រមទាំងក្រុមការងារ ត្រូវបញ្ចប់អធិករណ៍ការតវ៉ា និងការទាមទារដីវត្ត «បារមីគិរីខេមរាភ្នំបិតាធំ» (ហៅវត្តលោកយាយជំទាវហេង) ព្រមទាំងសំណងពីគ្រប់ភាគីទាំងអស់ ក្នុងអធិករណ៍នេះ និងមិនត្រូវបង្កបញ្ហាអកុសលទាំងឡាយជាបន្តទៅទៀត ក្នុងនោះមានដូចជា អំពើញុះញង់ បាតុកម្ម កូដកម្ម កុបកម្មប្រឆាំងនឹងភាគីម្ខាងទៀត និងអាជ្ញាធរសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ៕