(ប្រេស៊ីល)៖ ព្រឹទ្ធសភារបស់ប្រទេសប្រេស៊ីល បានសម្រេចបង្កើតគណកម្មការពិសេសមួយ ដើម្បីដោះស្រាយរឿងចោទប្រកាន់លើ ប្រធានាធិបតីលោកស្រី ឌីលម៉ា រួសេហ្វ (Dilma Rousseff) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។
គណកម្មការខាងលើនេះមានសមាជិកព្រឹទ្ធសភាចំនួន ២១រូបចូលរួម ហើយពួកគេនឹងធ្វើការ ពិភាក្សាជាទូទៅជុំវិញករណីចោទ ប្រកាន់នានាមកលើលោកស្រី រួសេហ្វ ក្នុងនោះមានទាំង អំពើពុករលួយផងដែរ។ ក្រោយពីកិច្ចពិភាក្សារួចការបោះឆ្នោតផ្តល់សេចក្តី សម្រេចនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ហើយពេលនោះហើយ ដែលគ្រប់គ្នានឹងបានដឹងថាលោកស្រីអាចបន្តតំណែងទៅមុខ ទៀតដែរ ឬមួយក៏យ៉ាងណា។
គួរបញ្ជាក់ថាប្រសិនបើការបោះឆ្នោត យល់ស្របតាមការចោទប្រកាន់មែននោះ លោកស្រី រួសេហ្វ នឹងត្រូវគេទម្លាក់ចេញពីតំណែង ក្នុងរយៈពេល ១៨០ថ្ងៃ ហើយអំឡុងពេលនោះអនុប្រធានាធិបតី លោក Michel Temer នឹងធ្វើជាប្រធានាធិបតីស្តីទី។
លោកស្រី រួសេហ្វ ត្រូវបានគេចោទប្រកាន់ថាបានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹង ការប្រើប្រាស់ថវិកាជាតិ ដោយគ្មានការ ពិនិត្យនិងទទួលស្គាល់ជាក់លាក់ ហើយក៏មានទាំងការ ពន្យាពេលបង់ថវិកាទៅកាន់ធនាគាររដ្ឋថែមទៀត។ បន្ថែមពីនេះលោកស្រី ក៏ត្រូវបានគេចោទ ប្រកាន់រឿង ភាពមិនច្បាស់លាស់នៃការគ្រប់គ្រង់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលផងដែរ៕