(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ស្ពានក្បាលហុង ដែលស្ថិតនៅក្នុងភូមិវាល ស្រុកកណ្តៀង នឹងត្រូវប្រែមុខមាត់ថ្មី ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ រួមជាមួយស្ពានយោល និងទំនប់ បង្ហៀរទឹក សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់តែម្តង។
ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងឱកាសលោក ម៉ៅ ធនិន ដឹកនាំមន្ទីរអង្គភាពជំនាញ ចូលរួមដង្វាយថ្វាយទេវតា និងព្រះអង្គ ចៅ សែន សុំសេចក្តីសុខ សេចក្ដីចម្រើនជាពិសេសសុំទឹកភ្លៀង ជួយដល់បងប្អូនប្រជាពលរដ្ឋ និងបន្តចុះពិនិត្យការដ្ឋាន សាងសង់ទំនប់ បង្ហៀរទឹក និងស្ពានយោលក្បាលហុង នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។
លោក ម៉ៅ ធនិន បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃដ៏ត្រឹមត្រូវ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យខេត្តពោធិ៍សាត់របស់យើង មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ បើទោះបីជាខេត្តពោធិ៍សាត់ជាខេត្តដែលធ្លាប់តែឆ្លងកាត់ពីមុនក្តី ។
លោកអភិបាលខេត្ត បានបន្តថា ៖ ទន្ទឹមនឹងសួនច្បារប្របតាមមាត់ស្ទឹងប៉ែកលិច បាននឹងកំពុងស្ថាបនាជិតរួចរាល់ក្នុងជំហាន១ លោកនឹងពន្លឿនឲ្យអ្នកទទួលម៉ៅការសាង់សង់ ផ្លូវថ្មើរជើងតាមមាត់ស្ទឹង ចាប់ពីក្បាលស្ពានថ្មផ្លូវជាតិលេខ ៥ រហូតដល់ចុងកោះ ក្នុងជំហាន២បន្ថែម ។
ជំហានបន្តទៀត លោកអភិបាលខេត្តនឹងគៀងគរ រកថវិកាដោះស្រាយគោលនយោបាយ ជូនបងប្អូនប្រជាពលរដ្ឋយើងពីក្បាលស្ពាន ថ្មថ្មីដល់មុខតំបន់សឹករង ខេត្តត្រើយខាងកើតស្ទឹង, ពីក្បាលស្ពានថ្ម ដល់ក្បាលហុងត្រើយខាងកើតស្ទឹង, ពីក្បាលហុង ដល់ស្ពានថ្ម វត្តពោធិ៍រង្សីត្រើយខាងលិចស្ទឹង ។
ជាក់ស្តែងស្ពានក្បាលហុង ទាមទារត្រូវពន្លឿនធ្វើការកែសម្រួលឡើងវិញ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុង ពោធិ៍សាត់ ដោយមានស្ពានយោល និងទំនប់បង្ហៀរទឹក ជាពិសេសអាចនឹងបញ្ច្រាល់ទឹក សម្រាប់រៀបចំកន្លែងជិះលេងកម្សាន្ត ជុំវិញកោះសំពៅមាសផងដែរ ៕