(ភ្នំពេញ)៖ អធិការដ្ឋាននគរបាលខណ្ឌសែន ដឹកនាំដោយលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ នាព្រឹកថ្ងៃទី ២៦ មេសា ឆ្នាំ២០១៦នេះ បានធ្វើការបង្ហាញមុខក្រុមចោរ ឆក់ ប្លន់ និងប្រើប្រាស់គ្រឿងញៀន៧នាក់ មុនបញ្ជូនឡើងតុលាការ។
លោក ម៉ក់ ហុង បានថ្លែងប្រាប់អ្នកយកព័ត៌មានថា មុខសញ្ញាឆក់ ប្លន់ និងប្រើប្រាស់គ្រឿងញៀនទាំង៧នាក់ ដែលត្រូវបានបង្ហាញមុខនាព្រឹកនេះ គឺកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី សហការជាមួយកម្លាំងអត្តរាគមន៍ខណ្ឌសែនសុខ បង្ក្រាបបាន ខណៈពួកក្រុមល្មើសទាំងនេះ ណាត់គ្នាបំរុងមកលេងហ្គេមបាញ់ត្រីមួយកន្លែង កាលពីម៉ោង១២៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម១២ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោកអធិការបន្តទៀតថា មុនការឃាត់ខ្លួនក្រុមសង្ស័យខាងលើ គឺកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវនិងតាមដាន រាប់ខែមកហើយ លុះដល់ពេលកម្លាំងសម្ងាត់បានរាយការណ៍មកប្រាប់ថា ក្រុមនេះ មកប្រមូលផ្តុំគ្នាលេងហ្គេមបាញ់ត្រីនៅចំណុចកើតហេតុខាងលើ ទើបកម្លាំងនគរបាលរបស់លោក ចេញតាមច្បាម និងឃាត់ខ្លួនបាន៧នាក់ យកមកសាកសួរនៅប៉ុស្តិ៍ភ្នំពេញថ្មី តែម្តង។
ជនសង្ស័យទាំង ៧នាក់ រួមមាន៖
ទី១. ឈ្មោះ ឃុន សុខន អាយុ២២ឆ្នាំ
ទី២. ឈ្មោះ ម៉ៅ ចាន់វាសនា អាយុ២៤ឆ្នាំ
ទី៣. ឈ្មោះ ភឿង យា អាយុ២៦ឆ្នាំ
ទី៤. ឈ្មោះ សូរ សារ៉ាត់ អាយុ២៦ឆ្នាំ
ទី៥. ឈ្មោះ មឿន ដែនឧត្តម អាយុ១៩
ទី៦. ឈ្មោះ ស៊ឹម ពិសិដ្ឋ អាយុ២៨ឆ្នាំ
និងទី៧. ឈ្មោះ សុខ ខមរា អាយុ១៩ឆ្នាំ។
ជនសង្ស័យទាំង៧នាក់ បន្ទាប់ពីការបង្ហាញមុខជាសាធារណៈហើយ និងបញ្ជូនទៅកាន់សាលាដំបូងទាំងអស់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕