(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង។

ថ្លែងក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបអំពីពីស្ថានភាពទូទៅរបស់ខេត្តស្ទឹងត្រែង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្ត បានបន្ដថា ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង នាឱកាសនេះពិតជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះ ការងារអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងខេត្ត និយាយជារួម និងដោយឡែកចំពោះវិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមវិស័យអាទិភាពមួយចំនួនទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍជាអន្តរវិស័យ មានភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានថ្លែងថា អគាររដ្ឋបាលថ្មីនេះ ជាចំណងដៃមួយមិនអាចកាត់ថ្លៃបាន និងជាចលករជំរុញឲ្យមន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង ខិតខំបំពេញតួនាទីជាអ្នកផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរជាងមុន។

លោក ចម ប្រសិទ្ធ បានបញ្ជាក់ថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែ គិតគូរដល់សុខទុក្ខការលំបាករបស់ប្រជាពលរដ្ឋ ហើយបានឧបត្ថម្ភ គ្រប់បែបយ៉ាង ជាក់ស្តែងថ្ងៃនេះ ក្រោមដំបូលនៃសុខសន្តិភាព ខេត្តស្ទឹងត្រែង ទទួលបាននូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ ពិសេសការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាប្រយោជន៍សម្រាប់បម្រើឲ្យវិស័យសេដ្ឋកិច្ច សង្គមកិច្ច មានភាពងាយស្រួសដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងជួយសម្រួលការធ្វើចរាចរកសិផល ផលនេសាទរបស់ប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែធូរធាររួមចំណែកកាត់បន្ថយភាពក្រីក្រ កាន់តែឆាប់រហ័ស។

លោកទេសរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការទាំងអស់ ពេលបានអគារល្អហើយ ត្រូវខិតខំធ្វើការ សន្សំសំចៃ ទឹក ភ្លើង និងចូលរួមថែរក្សាអគារឲ្យបានស្អាត ដើម្បីជាប្រយោជន៍ប្រើប្រាស់បានយូរអង្វែង និងត្រូវសហការចូលរួមដឹកនាំគ្រប់គ្រង វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមបញ្ចូលទាំងវិស័យសិប្បកម្ម និងទឹកស្អាត ឲ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តអនុវត្តនូវវិធានការ បីកុំ បីការពារ ព្រមទាំងទៅទទួលវ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងបំប្លែងខ្លួនថ្មី អូមីក្រុង៕