(ភ្នំពេញ)៖ ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, មជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន ការិយាល័យនៅភ្នំពេញ និមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ សហការគ្នាបើកមហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២២ ដោយចាក់បញ្ចាំងភាពយន្តរឿង "Poupelle of Chimney Town” ជាភាពយន្តពេញនិយមក្នុងប្រទេសជប៉ុន ដោយវាជារឿងគំនូរជីវចលយកចេញពីសៀវភៅរូបភាពដែលមានរូប ស្រស់ស្អាត។

ពិធីបើកមហោស្រពនេះ បានធ្វើឡើងក្រោមវត្តមានចូលរួមពីសំណាក់លោកស្រីបណ្ឌិតសភាចារ្យ សឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក ISOGAYA Hiroyuki នាយកមជ្ឈមណ្ឌលអាស៊ីមូលនិធិជប៉ុន ការិយាល័យនៅភ្នំពេញ, លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅផ្សារទំនើបអ៉ីអន២ រាជធានីភ្នំពេញ។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានថ្លែងថា មហោស្រពភាពយន្តជប៉ុន បន្ថែមពីការទទួលបានភាពរីករាយទស្សនាភាពយន្ត លោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងបានស្វែងយល់សង្គម និងវប្បធម៌ជប៉ុនដ៏សម្បូរបែប តាមរយៈភាពយន្តជាច្រើនប្រភេទផ្សេងៗ ហើយចាប់អារម្មណ៍លើប្រទេសជប៉ុន។ ព្រមទាំងសូមអញ្ជើញលោក លោកស្រី ក្មួយៗ ដែលមិនសូវមានទំនាក់ទំនង ឬស្គាល់ជប៉ុនមកទស្សនាភាពយន្តជប៉ុនទាំងនេះកុំបីខាន។

អគ្គរាជទូតជប៉ុនរូបនេះ បានបញ្ជាក់ថា «ការចាក់បញ្ចាំងភាពយន្តរឿង "Puelle of Chimney Town" ដែលខ្ញុំក៏នឹងទស្សនាលើកទីមួយផងដែរ។ ភាពយន្តនេះពេញនិយមក្នុងប្រទេសជប៉ុន ដោយវាជារឿងគំនូរជីវចលយកចេញពីសៀវភៅរូបភាពដែលមានរូប ស្រស់ស្អាតខ្លាំងណាស់ ហើយសាច់រឿងបែបមនោសញ្ចេតនាផងដែរ។ យើងខ្ញុំសង្ឃឹមថា ភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួមក្នុងថ្ងៃនេះនឹងរីករាយជាមួយភាពយន្តនេះ»

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានបន្តថា ដោយសារតែការរីករាលដាលនៃវីរ៉ុសកូវីដ១៩ បំប្លែងខ្លួនថ្មី យើងបន្តចាំបាច់ត្រូវមានភាពប៉ិនប្រសព្វ និងចាត់វិធានការការពារការឆ្លងសម្រាប់ការរៀបចំព្រឹត្តិការណ៍វប្បធម៌ដូចឆ្នាំមុនៗ។

ទោះបីស្ថិតនៅក្នុងបរិយាកាសតាមបែបគន្លងថ្មីក៏ដោយ ក្នុងនាមស្ថានទូតជប៉ុន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ចង់ធ្វើកិច្ចការយ៉ាងសកម្មដោយសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗ ដើម្បីឱ្យប្រជាជនកម្ពុជាបានស្គាល់ប្រទេសជប៉ុនកាន់តែច្រើនឡើង។

ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ សឿង សកុណា សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ ដែលបានផ្តួចផ្តើមគំនិតរៀបចំមហោស្រពភាពយន្តជប៉ុន នៅក្នុងរាជធានីភ្នំពេញ។ ក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ១៩ ដែលកំពុងបន្តរាតត្បាតនៅលើសកលលោកទាំងមូល រួមទាំងកម្ពុជាផង មហោស្រពភាពយន្តជប៉ុននាឆ្នាំនេះ ប្រព្រឹត្តទៅតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការនានាដែលមានជាធរមាន។

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា បានឱ្យដឹងថា ជប៉ុន គឺជាប្រទេសមួយដែលបានរួមចំណែកដ៏សំខាន់ក្នុងការដំណើរការស្វែងរកសន្តិភាព ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនជាលំដាប់ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច អភិវឌ្ឍន៍ និងវិស័យវប្បធម៌។ ជាក់ស្តែង ចាប់ពីឆ្នាំ២០១៥មក មហោស្រពភាពយន្តជប៉ុន បានរៀបចំនៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន នៃព្រះរាជាណាចក្រម្ពុជា ដែលបាននាំមកនូវភាពយន្តជាច្រើនប្រកបដោយគុណតម្លៃសម្រាប់ជូនប្រជាពលរដ្ឋកម្ពុជាបានទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនជប៉ុន។

ជាមួយគ្នានេះដែរ លោកស្រី បានបន្តថា ក្រៅពីការចាក់បញ្ចាំងភាពយន្ត ប្រទេសជប៉ុនក៏បានរួមចំណែកសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញភាពយន្តជូនដល់ផលិតករ និងអ្នកបច្ចេកទេសភាពយន្តកម្ពុជាតួយ៉ាងប៉ុន្មានខែចុងក្រោយនេះ ក្រោមកិច្ចសហរវាងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ និងនាយកដ្ឋានសិល្បៈភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការឈូករ័ត្នបានបើកវគ្គបណ្តុះជំនាញសរសេអត្ថបទភាពយន្តជំនាញថតជំនាញកាត់តដំឡើងរូបព្រមទាំងជំនាញ យកសំឡេងជូនដល់សិក្ខាកាមជាយុវជនកម្ពុជា ផងដែរ។

សកម្មភាពទាំងអស់នេះ មិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យភាពយន្តរវាងប្រទេសទាំង២នោះទេ តែបានឆ្លុះបញ្ចាំងឱ្យឃើញពីសហប្រតិបត្តិការគ្នាលើវិស័យវប្បធម៌រវាងប្រទេសយើងទាំងពីរ និងមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងចេះជួយគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជននៃប្រទេសយើងផងដែរ។

លោកស្រីបណ្ឌិតសភាចារ្យ សឿង សកុណា បានបញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តជប៉ុននេះ គឺជាការជួយជុំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈវប្បធម៌ ហើយព្រឹត្តិការណ៍នេះ មិនគ្រាន់តែជាវេទិកាសម្រាប់ផ្សព្វផ្សាយពីភាពយន្តជប៉ុនប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ជួបជុំរវាងផលិតករ អ្នកបច្ចេកទេសភាពយន្តកម្ពុជា-ជប៉ុន ដើម្បីធ្វើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយរបស់យើងលើផ្នែកធនធានមនុស្ស និងបច្ចេកទេស ហើយជាការបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀត ក្នុងវិស័យភាពយន្ត ដើម្បីរួមចំណែកដល់ការវិវត្តរីកចម្រើននៃឧស្សាហកម្មភាពយន្តរបស់ប្រទេសយើងទាំងពីរ រួមចំណែកក្នុងការបង្កើនការយល់ដឹងរវាងប្រជាជន និងប្រជាជន និងជាផ្នែកមួយជួយពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌»

ក្នុងន័យនេះ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ សឿង សកុណា សូមជុំរុញ និងលើកទឹកចិត្តដល់ផលិតករភាពយន្តជប៉ុន ដើម្បីពិនិត្យលទ្ធភាពបង្កើតឱកាសវិនិយោគលើវិស័យភាពយន្តនៅកម្ពុជា ពិសេសការប្រើប្រាស់ទឹកដីកម្ពុជា ជាទីកន្លែងសម្រាប់ថតភាពយន្ត ស្របតាមគោលនយោបាយជាតិស្តីពីវប្បធម៌៕