(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារសហការជាមួយ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារពេលដាក់គោលដៅ ត្រួតពិនិត្យបទល្មើសច្បាប់ចរាចរផ្លូវគោកថ្មី បានឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ បន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀនចំនួន២កញ្ចប់ ជាប្រភេទម៉ាទឹកកករួមទាំងដកហូតមធ្យោបាយធ្វើដំណើរ របស់ជនត្រូវជាប់សង្ស័យមានម៉ូតូ ចំនួន២គ្រឿងផងដែរ ។
ជនត្រូវសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាននៅវេលាម៉ោង៨យប់ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦ នៅត្រង់ចំណុចមុខវត្តកៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
អធិការរងខណ្ឌជ្រោយចង្វារលោក ឯក សេរីវុធ បានប្រាប់ថា ខណៈដែលកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌសហការ និងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារ ទទួលបានផែនការដឹកនាំពីលោក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វារដើម្បីដាក់គោលដៅ ត្រួតពិនិត្យច្បាប់ចរាចរផ្លូវគោកថ្មីនោះ ស្របពេលនិងជនត្រូវសង្ស័យមានបក្ខពួក៤នាក់ ជិះបើកម៉ូតូ២គ្រឿងឆ្លងកាត់គោលដៅត្រួតពិនិត្យ របស់សមត្ថកិច្ចក៍ធ្វើការឃាត់ឆែកឆេរ បានរកឃើញថ្នាំញៀនចំនួន២កញ្ចប់តូចជាប្រភេទម៉ាទឹកកកដែលក្រុមជនទាំងនោះ បានរក្សាទុកធ្វើសកម្មភាពប្រើប្រាស់ជាមួយគ្នា ព្រមទាំងដកហូតមធ្យោបាយធ្វើដំណើរ របស់ជនប្រើប្រាស់ថ្នាំញៀន មានម៉ូតូចំនួន២គ្រឿង ។
លោក ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារ បានប្រាប់អ្នកសារព័ត៌មានទៀតថា បច្ចុប្បន្នជនត្រូវសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងបាននិងកំពុងឃុំខ្លួន សាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការតាមនិតិវិធី៕