(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសានេះបានថ្លែងរំពឹង និងជឿជាក់ថា បទចម្រៀងនិពន្ធដោយស្នាដៃកូនខ្មែរ ហើយបាននឹងកំពុងល្បីល្បាញ នៅកម្ពុជាបច្ចុប្បន្ន និងប្រទេសដទៃមួយចំនួនទៀត គឺបទ «រាំញីកែងជើង» នឹងល្បីល្បាញដូចបទចម្រៀងរបស់កូរ៉េ បទ «Gangnam Style» ដែលធ្វើឲ្យពិភពលោក រំជើបរំជួលជាមួយនឹង ក្បាច់រាំ នៃបទចម្រៀងនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវលេខ៥៦ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានប្រវែង១២៤គីឡូម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បទ រាំញីកែងជើង បន្តិចទៀតនឹងល្បីដូចបទ Gangnam style របស់កូរ៉េ ហើយបទ រាំញីកែងជើង របស់យើង ស្រួលរាំជាងបទ Gangnam style ទៅទៀត។ ចៅរបស់ខ្ញុំស្ទើរគ្រប់ចៅរាំបទនេះ ហើយបញ្ជូនតាមវីដេអូ តាម Whatsapp ឲ្យមើលទៀត»។
បទ «រាំញីកែងជើង» និពន្ធ និងច្រៀង ដោយតារាចម្រៀងវ័យក្មែង ងួន ចាន់ដាវីត បានទទួលការនិយមគាំទ្រយ៉ាងខ្លាំងពី ប្រជាពលរដ្ឋកម្ពុជា រួមទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ ហើយបទនេះល្បីខ្លាំងក្នុងកំឡុងពេលដែលប្រទេស កម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ឆ្នាំវក អដ្ឋស័ក ពស ២៥៦០ គស ២០១៦។
ក្នុងឱកាសចូលរួមក្នុងអង្គរសង្ក្រន្តឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា បានអញ្ជើញឡើង រាំបទ «រាំញីកែងជើង» នេះ យ៉ាងសប្បាយរីករាយផងដែរ។
បទ «រាំញីកែងជើង» របស់កម្ពុជាត្រូវបានប្រជាជនជាច្រើន ចុចទស្សនារាប់លានដង នៅក្នុងគេហទំព័រ YouTube។ ចំណែកបទ «Gangnam style» របស់កូរ៉េ ដែលច្រៀងដោយតារាចម្រៀង PSY ចេញនៅក្នុងឆ្នាំ២០១២ ហើយទទួលបានការចូលទស្សនា ជាង២ពាន់លានដង នៅលើ YouTube៕