(ភ្នំពេញ)៖ អគ្គិភ័យបានឆេះកម្ទេចកម្ទី ដែលនៅសេសសល់គរទុកចោល ស្ថិតនៅបរិវេណអតីតទីតាំង Dream Land នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញនា ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ច ចេញជួយអន្តរាគមន៍ទាន់ពេលវេលា ដោយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញទៅបាញ់ពន្លត់ មិនបណ្តែតបណ្តោយឲ្យឆេះកាន់តែខ្លាំងនោះទេ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ចំពោះករណីនេះអភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ក៏បានដឹកនាំកម្លាំងចេញជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុផងដែរ។
សូមបញ្ជាក់ថា នៅយប់មិញ ក៏មានករណីឆ្លងចរន្តអគ្គិសនីផងដែរ នៅទីនោះ តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង តែបានបាញ់តែមួយគ្រឿងប៉ុណ្ណោះ៕