(ភ្នំពេញ)៖ ការបណ្តុះបណ្តាលគំនិតមនុស្ស ឲ្យចេះធ្វើអាជីវកម្មដោយខ្លួនឯង គឺជាគោលដៅចម្បងមួយ របស់សហគ្រិនខ្មែរ (KE) ដែលជាអង្គភាពក្រោមឱវាទ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះជាការលើកឡើងរបស់បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ថ្លែងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

នាយកប្រតិបត្តិសហគ្រិនខ្មែរ បានថ្លែងអបអរសាទរចំពោះ ធុរកិច្ចថ្មីមីតដុកទ័រ ដែលបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី និស្សិតបញ្ចប់ការសិក្សា Angkor500 ពីកម្មវិធី incubation ដែលសហគ្រិនខ្មែរផ្តួចផ្តើមឡើងនោះ ចាប់ផ្តើមពង្រីកអាជីវកម្មរបស់ខ្លួន លើប្រព័ន្ធវេជ្ជសាស្ត្រ។

ធុរកិច្ចថ្មីមីតដុកទ័រ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្តាលក្នុងកម្មវិធី Angkor 500 របស់សហគ្រិនខ្មែរ ទទួលបានទុនវិនិយោគដំបូងបំផុត (Pre-seeding Investment) ពីសំណាក់ក្រុមហ៊ុន អាយជីគ្រុប ដែលជាក្រុមហ៊ុនបរិវត្តកម្មក្នុងស្រុកយើង ជាមួយនឹងការវាយតម្លៃក្រុមហ៊ុន ខ្ទង់សែនដុល្លារអាមេរិក។ ពិធីចុះហត្ថលេខាវិនិយោគ ធ្វើឡើងនៅសាលប្រជុំរបស់សហគ្រិនខ្មែរ ក្នុងឱកាសរំលឹកខួបនៃការចុះហត្ថលេខាលើភាពជាដៃគូរវាងភាគីទាំងពីរតែម្តង។

តាមរយៈការផ្ដល់ទុនដំបូងបំផុតតាមការស្នើ ជាមួយនឹងការវាយតម្លៃខ្ទង់សែនដុល្លារអាមេរិកនេះ មានគោលបំណង គាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា ការចុះបញ្ជិកាក្រុមហ៊ុននៅកម្ពុជា ការលូតលាស់ និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន មីតដុកទ័រនៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត និងនៅក្រៅប្រទេសផងដែរ។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានថ្លែងថា នៅពេលដែលសហគ្រិនខ្មែរចាប់ដៃគូជាមួយ 500Global ក្នុងការបង្កើតកម្មវិធី Angkor500 នៅកម្ពុជា សហគ្រិនខ្មែរបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីជួយឲ្យសហគមន៍ សម្របខ្លួនទៅនឹងកម្មវិធីសិក្សាថ្នាក់អន្តរជាតិ។ ដោយមើលឃើញថាសហគ្រិនដែលបានចូលរួមក្នុងកម្មវិធីរបស់សហគ្រិនខ្មែរទទួលបានការវិនិយោគ និងវិវត្តន៍បន្តទៅមុខទៀត បានបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគក្នុង និងក្រៅប្រទេស។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបញ្ជាក់ទៀតថា «សហគ្រិនខ្មែរ សង្ឃឹមថាធុរកិច្ចថ្មីដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា នឹងទទួលបានឱកាសថ្មីៗ ដើម្បីអភិវឌ្ឍអាជីវកម្មរស់ខ្លួនបន្តទៅមុខទៀតនៅថ្ងៃអនាគត»

ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុប និង មីតដុកទ័រ ត្រូវបានប្រារព្ធឡើង ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ក្នុងនោះរួមមានតំណាងមកពី ImpactHub, មន្ត្រីកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) និងស្ថាប័នជាច្រើនទៀត។

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល អាយជីគ្រុប បានឲ្យដឹងថា បេសកកម្មរបស់ អាយជីគ្រុប គឺការចូលរួមធ្វើបរិវត្តន៍កម្ម កែលម្អ និងគាំទ្រ។ បរិវត្តន៍កម្មរបៀប ដែលយើងធ្វើការ កែលម្អបរិស្ថានដែលយើងរស់នៅ និងគាំទ្ររដ្ឋាភិបាល វិស័យសាធារណៈនិងឯកជន ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យប្រទេសជាតិមានកំណើន និងតុល្យភាព។

«ខ្ញុំមានសេចក្តីរំភើបរីករាយ ដោយឃើញថា ប្រព័ន្ធវេជ្ជសាស្ត្រ ដែលជាវិស័យមួយក្នុងចំណោមវិស័យដែលត្រូវបានគេមើលរំលងបំផុត សម្រាប់ការធ្វើឌីជីថលូបនីយកម្ម ក៏ដូចជាការកែលម្អជាទូទៅនៅកម្ពុជាកន្លងមក បាននិងកំពុងទទួលបានការយកចិត្តទុកដាក់ច្រើនគួរសមនាពេលបច្ចុប្បន្ន។ ខ្ញុំសូមជូនពរ មីតដុកទ័រ អាយជីគ្រុប សហគ្រិន និងអ្នកជំនាញវិជ្ជាជីវៈជាច្រើនទៀតជួបតែសំណាងល្អក្នុងដំណើរបរិវត្តន៍កម្មរបស់យើង និងសូមឱ្យការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាទទួលបានពរជ័យ និងជោគជ័យ ខណៈដែលវិស័យសុខាភិបាលបាននិងកំពុងក្លាយជាកត្តាសំខាន់ចម្បង ក្នុងការកំណត់នូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា»។ នេះជាការថ្លែងបន្ថែម របស់លោក គឹម ពុធគីរី។

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុមហ៊ុន អាយជីគ្រុប បានធ្វើការកត់សម្គាល់ថា មីតដុកទ័រ និងអាយជីគ្រុប នឹងបន្តផ្ដោតលើឌីជីថលូបនីយកម្មនៅក្នុងវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេស ដោយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដូចជា ការពិបាកទទួលបានសេវាសុខាភិបាល ការចំណាយលើសលុបលើសេវាសុខាភិបាល ទទួលបាននូវការព្យាបាលពីគ្រូពេទ្យដែលមានវិជ្ជាជីវៈពិតប្រាកដ ទទួលបាននូវការធានារ៉ាប់រង និងហិរញ្ញប្បទានហិរញ្ញវត្ថុសុខាភិបាល ទិន្នន័យវេជ្ជសាស្រ្ត ការចែករំលែក និងវិភាគដោយប្រព័ន្ធបញ្ញាសិប្បនិមិត្ម និងសេវាឌីជីថលជាច្រើនទៀត។

បន្ថែមលើនេះ បើតាមលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី អះអាងថា មីតដុកទ័រមានមហិច្ឆតាធំ ក្នុងការផ្ដល់នូវសេវាសុខាភិបាល ទៅដល់ប្រជាជនកម្ពុជាគ្រប់រូបដល់ផ្ទះរបស់ពួកគាត់តែម្ដង ក្នុងតម្លៃសមស្របទទួលយកបាន ជាមួយនឹងបទដ្ឋានព្យាបាល និងក្រុមគ្រូពេទ្យក្នុងស្រុក និងអន្តរជាតិ ប្រកបនឹងវិជ្ជាជីវៈខ្ពស់។ ហើយនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើយើងមិនបង្កើតអាជីវកម្មថ្មីទាំងស្រុង និងផ្លាស់ប្តូរការថែទាំសុខភាពនៅក្នុងប្រទេសតាមរយៈមធ្យោបាយឌីជីថល។

«ជាមួយនឹងការលើកឡើងបែបនេះ ខ្ញុំពិតជាមានសំណាងណាស់ដែលមានការគាំទ្រពី អាយជីគ្រុប ដើម្បីបង្កើតនូវកំពូលកម្មវិធីថែទាំសុខភាព (healthcare superapp) មួយដែលទៅដល់ប្រជាជនទូទាំងប្រទេស ជាមួយនឹងគោលដៅដែល មីតដុកទ័រ មាន គឺលើកកម្ពស់លទ្ធភាពទទួលបានការព្យាបាល ពីក្រុមគ្រូពេទ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសេដ្ឋកិច្ច សង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប»។ លោកវេជ្ជបណ្ឌិត គូសបញ្ជាក់។

ក្នុងពិធីខាងលើ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រុមហ៊ុនអាយជីគ្រុប លោក Tomas Pokorny សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុន អាយជីគ្រុប នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ស្ថាបនិកក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ិនស៊ូរិន (ខេមបូឌា) និងលោកស្រី Jitka Markova ជាប្រធានកម្មវិធី Angkor 500 ក៏បានចូលរួមអបអរសាទរផងដែរដល់ មីតដុកទ័រ ចំពោះជំហ៊ានជោគជ័យមួយនេះ។

លោកស្រី Jitka Markova បានថ្លែងយ៉ាងដូច្នេះ «ខ្ញុំចាំថាខ្ញុំស្ញប់ស្ញែងពេលឃើញធុរកិច្ចថ្មីរបស់អ្នក ដែលបង្ហាញថាទីបំផុតកម្ពុជា មានការវិនិយោគចូលទៅក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែល Angkor500 អាចជាផ្នែកមួយនៃដំណើររីកចម្រើនរបស់អ្នក។ ខ្ញុំសូមជូនពរឱ្យកិច្ចសហការវិនិយោគនេះក្លាយជាជំហានដ៏សំខាន់មួយ ទោះវាជាជំហានតូចក្តី ឆ្ពោះទៅរកការអភិវឌ្ឍប្រភេទអាជីវកម្មសុខាភិបាលថ្មីទាំងស្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

សូមជម្រាបថា សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៉ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយហេតុនេះជំរុញសកម្មភាពសហគ្រិន ទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួន៤ រួមមាន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុក និង ការនាំចេញ និងវិស័យ កម្មន្តសាលដោយផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម៕