(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថ្នាំបង្ការកូវីដ១៩ រួចរាល់ហើយ ដសម្រាប់ចាក់ពលករខ្មែរនៅប្រទេសថៃ តែត្រូវរង់ចាំប្រទេសនេះយល់ព្រមជាមុនសិន។
ពេលឆ្លើយសំណួរក្រុមអ្នកសារព័ត៌មាន លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសហើយដែរ ក្នុងការគិតគូរ ដើម្បីយកវ៉ាក់សាំងនេះទៅចាក់ជូនពលរដ្ឋខ្មែរ តែយើងត្រូវដឹងថា ទាល់តែមានកិច្ចសហប្រតិបត្តិការ ជាពិសេសមានការឯកភាពយល់ព្រម ពីសាម៉ីប្រទេស ដែលបងប្អូនយើងរស់នៅទីនោះផងដែរ។ ពីព្រោះយើងមិនអាចកាន់វ៉ាក់សាំងហើយ យកទៅដើរចាក់នៅស្រុកគេបានទេ ដែលវាជារឿងរំលោភអធិបតេយ្យភាពគេ»។
និយាយមិនបញ្ចេញឈ្មោះប្រទេស តែចង់សម្តៅដល់ប្រទេសថៃ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបន្តថា កម្ពុជាឈរលើកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសគេ។ រឿងចាក់ថ្នាំបង្ការកូវីដ១៩ នេះទៀតសោត កម្ពុជាបានព្យាយាមធ្វើការចរចាជាមួយគេណាស់ដែរ តែគេមិនទាន់អនុញ្ញាត។
អ្នកនាំពាក្យរូបនេះ ហាក់សម្តែងការមិនពេញចិត្ត ចំពោះឥរិយាបទរបស់រាជរដ្ឋាភិបាលថៃ ដែលនៅអល់អែក ចំពោះការអនុញ្ញាតឲ្យកម្ពុជា យកវ៉ាក់សាំងទៅចាក់ជូនពលករយើង នៅក្នុងប្រទេសជិតខាងមួយនេះ។ សម្រាប់កម្ពុជាវិញ បានបើកបេះដូងយ៉ាងទូលាយ ដោយផ្តល់ថ្នាំបង្ការកូវីដ១៩ ជូនជនបរទេសគ្រប់គ្នា ដែលរស់នៅប្រទេសកម្ពុជា ដោយមិនគិតប្រាក់ផងនោះ។
លោកស្រីបញ្ជាក់ថា «តាមខ្ញុំមើល គេដូចជាអល់អែក ក្នុងការគិតពីមុខមាត់ប្រទេសគេច្រើនជាង។ ហើយគេក៏គិតដែរថា ប្រទេសគេធំដែរ អញ្ចឹងហេតុអ្វីបានជាគេមិនផ្តល់ការសម្របសម្រួល ផ្តល់វ៉ាក់សាំងនេះជូនពលរដ្ឋ ទន្ទឹមនឹងពេលកម្ពុជាបើកបេះដូងទូលាយ ចាក់ជូនជនបរទេសនៅកម្ពុជាទាំងអស់ ដោយមិនគិតប្រាក់»។
សូមជម្រាបថា បើតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតមកដល់ពេលនេះ មានពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃប្រមាណជាង ១លាន ២សែននាក់៕