(ប្រេស៊ីល)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការឆ្លង និងរីករាលដាល វីរុស Zika ដ៏កាចសាហាវនៅក្នុងប្រទេសប្រេស៊ីល បានចាប់ផ្តើមធ្លាក់ចុះហើយ ស្របពេលដែលការប្រកួតកីឡាអូឡាំពិក នៅទីក្រុងរីយ៉ូ នឹងប្រព្រឹត្តទៅនាប៉ុន្មានខែខាងមុខនេះទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយ WHO នៅតែធ្វើការព្រមានពីការរីករាលដាលខ្លាំងឡើងវិញ ដែលអាចទៅរួច ប្រសិនបើប្រទេសនេះ មានការធ្វេសប្រហែសក្នុងការការពារនោះ។ យោងតាមជំនួយការ អគ្គនាយក WHO លោកស្រី Marie-Paule Kieny បានថ្លែងថា ការធ្លាក់ចុះនៃករណីឆ្លងនៃវីរុស Zika កន្លងមកនេះ ដោយសារតែប្រទេសប្រេស៊ីលស្ថិតនៅក្នុងរដូវក្តៅ។
យ៉ាងណាក៏ដោយ ភ្នាក់ងារសុខាភិបាលរបស់ប្រេស៊ីល មិនទាន់បានប្រមូលទិន្នន័យលម្អិតអំពី ចំនួននៃការធ្លាក់នោះទេ ប៉ុន្តែបើសរុបចាប់តាំងពីប្រទេសអាមេរិកខាងត្បូងមួយនេះ ផ្ទុះឡើងនូវ ករណីឆ្លងវីរុស Zika ខ្លាំងបំផុតនោះ គឺមានមនុស្ស ១,៥លាននាក់ឯណោះបានឆ្លង ហើយក្នុង នោះវាបានបង្កឲ្យប៉ះពាល់ដល់ទារក និងស្ត្រីដែលមានផ្ទៃពោះសរុបជាង ៤,០០០នាក់៕