(ភ្នំពេញ)៖ រដ្ឋបាលសង្កាត់ទាំង៧ និងមណ្ឌលសុខភាពចំនួន២ នៃរដ្ឋបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនឯកលោក ឃុនដឿន អភិបាលខណ្ឌ ដែលបានផ្តល់អាល់កុល ចំនួន៩កាន និងម៉ាសចំនួន១១,២៥០ម៉ាស់។
ការទទួលសម្ភារខាងលើពីលោក ឯក ឃុនដឿន និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌ ជាមួយមន្ត្រីក្រោមឱវាទ គឺដើម្បីប្រើប្រាស់នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋ ដូសទី៣ (ដូសជុំរុញ) និងដូសទី៤ ពិសេសសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរូសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»។
នៅក្នុងពិធីប្រគល់-ទទួលអាល់កុល និងម៉ាសនេះ, លោក ឯក ឃុនដឿន បានបន្តរំលឹកឱ្យអាជ្ញាធរជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដូសទី៣ (ដូសជុំរុញ) និងដូសទី៤ ក្រោយពីក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានវីរូសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍។
លោក ឯក ឃុនដឿន បានណែនាំទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សំបុត្រកំណើត ឬអត្តសញ្ញាណ្ណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ជាដើម ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១។
បន្ថែមពីនេះ លោកអភិបាលខណ្ឌបន្តទៀតថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ក្រោយពីក្រសួងសុខាភិបាល បានប្រកាសរកឃើញករណី វិជ្ជមានកូវីដ១៩បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍ ដោយប្រកាន់ភ្ជាប់ឱ្យបានជាដាច់ខាតនូវការតក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕