(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍៧ចំណុច ដល់អ្នកសារព័ត៌មាន ដើម្បីបន្តចូលរួមបំពេញការងារផ្សព្វផ្សាយព័ត៌មាន ធានាបាននូវសុខដុមនីយកម្មក្នុងសង្គម រក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងជំរុញការអភិវឌ្ឍន៍របស់ប្រទេសជាតិ។
នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។
អនុសាសន៍ទាំង៧ចំណុច របស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖
ទី១៖ ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈភូមិ ឃុំ មានសុវត្តិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើងចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ទី២៖ ចូលរួមផ្សព្វផ្សាយកិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបើកយុទ្ធនាការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (Sea Games) លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ឱ្យបានផុសផុលដើម្បីបំផុសស្មារតី និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីយុវជន និងប្រជាពលរដ្ឋយើងឱ្យគាំទ្រ និងស្នេហាវិស័យកីឡាក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» «កីឡានាំមកនូវមិត្តភាព» «កីឡាដើម្បីសុខភាពកម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» កម្ពុជាស្អាត»។
ទី៣៖ ស្ថាប័នព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានត្រូវបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិបាល ដោយត្រូវបំពេញតួនាទីជាស្ពានចម្លងផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជន និងពីប្រជាជនមកស្ថាប័នរដ្ឋវិញ ទាំងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្តជាក់ស្តែងដែលតម្រូវឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមឱ្យកាន់តែសកម្មថែមទៀត។
ទី៤៖ បន្តចូលរួមប្រយុទ្ធជាមួយភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្តិធម៌ នៅក្នុងសង្គមដើម្បីកសាងកម្ពុជា ជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព សុំឱ្យអ្នកសារព័ត៌មានរបស់យើងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងជម្រុញកំណែទម្រង់រដ្ឋ ដើម្បីឱ្យមានតម្លាភាពដែលទាមទារឱ្យអ្នកសារព័ត៌មានបំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដល់ទីជម្រៅ ហ៊ានបញ្ចេញនូវព័ត៌មានពិត មិនក្លែងបន្លំ បំភ្លឺការពិត និងត្រូវបន្តបំផ្លាញចោលពួកឱកាសនិយមស្វែងយកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាពរបស់អ្នកសារព័ត៌មានទូទៅនិងស្ថាប័នសារព័ត៌មាន។
ទី៥៖ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយទាំងនៅក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលបច្ចុប្បន្ន តំណាងសារព័ត៌មានរបស់យើងក៏មាននៅក្នុងក្របខណ្ឌស្ថាប័នព័ត៌មានអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់យើងធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្តសាស្ត្រដែលអាចធ្វើឱ្យសង្គមទាំងមូលមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិភាពជាមួយបរទេស។
ទី៦៖ សមាគមអ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឱ្យដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារ បានរហ័សទាន់សភាពការណ៍ និងត្រូវបង្កើតឡើងនូវកាលានុវត្តភាពថ្មីមួយ សម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនានា ដែលអាចនឹងកើតមាននៅពេលអនាគតដែលមិនអាចប៉ាន់ស្មានបាន។ យើងត្រូវចាំថា ប្រសិនបើយើងមានឧបករណ៍ សម្ភារៈទំនើបប៉ុន្តែយើងមិនមានធនធានមនុស្សសម្រាប់ប្រើប្រាស់ ក៏មិនអាចមានការរីកចំរើនបានដែរ ជាពិសេសសារព័ត៌មានប្រពៃណីត្រូវអភិវឌ្ឍខ្លួនដើម្បីឈរជើងប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប។
ទី៧៖ ចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការរបស់រាជរដ្ឋាភិបាល «៣កុំ ការពារ» និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួនដើម្បីទប់ស្កាត់លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ គ្រប់ប្រភេទចូលក្នុងសហគមន៍របស់យើង៕