(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមករា បានរៀបចំពិធីទទួលស្វាគមន៍គ្រូពេទ្យវ័យក្មេងកម្ពុជាចំនួន ៧៩នាក់ ដែលបានបញ្ចប់កម្មសិក្សារយៈពេលមួយឆ្នាំនៅតាមមន្ទីរពេទ្យនានានៅប្រទេសបារាំង ដែលនៅទីនោះពួកគេបានផ្តល់ការជួយជ្រោមជ្រែងដ៏មាន តម្លៃ ដល់គ្រូពេទ្យបារាំង ព្រមទាំងបានរៀនសូត្រពីក្រុមគ្រូពេទ្យដ៏មានបទពិសោធន៍ទាំងនោះផងដែរ។
ពិធីខាងលើ ដែលមានការចូលរួមពីសំណាក់អ្នកប្រកបអាជីពក្នុងវិស័យសុខាភិបាលកម្ពុជា-បារាំងជាច្រើននាក់ គឺជាឱកាសសម្រាប់ គូស បញ្ជាក់ អំពីតួនាទីដ៏សំខាន់របស់ក្រុមគ្រូពេទ្យ ដែលបានបំពេញការងារជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏ដូចជាបំពេញការងារលើសមរភូមិនានានៃវិស័យសុខាភិបាលដើម្បីព្យាបាលអ្នកជំងឺ។
សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងឱកាសនោះ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានរំលឹកអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងកម្ពុជាក្នុង វិស័យសុខាភិបាល ដែលកាន់តែមានអត្ថន័យថែមទៀតនៅក្នុងបរិបទបច្ចុប្បន្ននៃវិបត្តិកូវីដ១៩។
លោកឯកអគ្គរដ្ឋទូតបានកោតសរសើរគ្រូពេទ្យវ័យក្មេងខាងលើ ហើយបានថ្លែងអំណរគុណចំពោះដៃគូកម្ពុជា ដែលបានគាំទ្រដល់កិច្ចសហប្រតិបត្តិការនេះ។
សុខាភិបាលស្ថិតនៅក្នុងចំណោម វិស័យនានានៃភាពជាដៃគូដែលមានតាំងពីយូរលង់ណាស់មកហើយរវាងបារាំង និងកម្ពុជា ហើយក៏ជាវិស័យដ៏រស់រវើក និងសំខាន់បំផុតមួយផងដែរ។ ចាប់តាំងពីឆ្នាំ១៩៩៦មក និស្សិតកម្ពុជាផ្នែកវេជ្ជសាស្រ្ត និងឱសថសាស្រ្តជាង៩០០នាក់បានទៅបន្តការសិក្សានៅប្រទេសបារាំង ដើម្បីចាប់យកជំនាញវេជ្ជសាស្រ្ត ផ្សេងៗក្នុងក្របខណ្ឌកម្មវិធី DFMS/A (សញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/វេជ្ជសាស្រ្តជាន់ខ្ពស់)។
ក្នុងចំណោម៤៤ប្រទេស កម្ពុជាស្ថិតក្នុងលំដាប់ទី៤នៃប្រទេសដែលបញ្ជូននិស្សិតទៅសិក្សាផ្នែកសុខាភិបាលនៅបារាំងច្រើនជាងគេ។
ក្រៅពីការបណ្តុះបណ្តាល ប្រទេសបារាំងក៏ផ្តល់ការគាំទ្រផងដែរដល់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា តាមរយៈការផ្តល់ជំនួយដល់គម្រោងនានា និងការបញ្ជូនមន្ត្រីជំនាញឱ្យមកបំពេញការងារនៅកម្ពុជា ដូចជាអ្នកជំនាញរបស់ទីភ្នាក់ងារ ANRS (ទីភ្នាក់ងារជាតិបារាំងសម្រាប់ការស្រាវជ្រាវវិស័យសុខាភិបាល)។ ប្រទេសបារាំងក៏ជាអ្នកផ្តល់ជំនួយធំទី២ ដល់មូលនិធិសាកលសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជាយ៉ាងហោចណាស់ ១០៨លានដុល្លារសម្រាប់ឆ្នាំ២០២១-២០២៣៕