(បន្ទាយមានជ័យ)៖ ថ្លែងប្រកាសចេញពីខេត្តបន្ទាយមានជ័យ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាដាច់ណាត់ឲ្យមន្រ្តីទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ មិនត្រូវឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារខ្វះទឹកនោះទេ ហើយសម្តេចប្រកាសមិនឲ្យក្រសួងនានា កោះហៅអភិបាលខេត្តឡើងទៅប្រជុំនោះ ដោយទុកពេលវេលាឲ្យអភិបាលខេត្តទាំងអស់ ប្រើយុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោក កែ កឹមយ៉ាន ដែលបានប្រើប្រាស់យុទ្ធនាការដឹកទឹកចែកជូនប្រជាពលរដ្ឋបានល្អ សូមឲ្យអភិបាលខេត្តនានាយកគំរូតាមលោក។
សម្តេចតេជោ ក៏បានអំពាវនាវឲ្យក្រុមហ៊ុនផលិតទឹកសុទ្ធនានា ចូលរួមបរិច្ចាកទឹកជូនប្រជាពលរដ្ឋ ដែលកំពុងរងការខ្វះខាត។ ក្រៅពីនោះសម្តេចតេជោ បានស្នើឲ្យកាកបាទក្រហមកម្ពុជា បង្វែទិសដៅពីការជួយជំនួយផ្សេងៗ មកជាការផ្តល់ជំនួយជាទឹកដល់ប្រជាពលរដ្ឋវិញ។ បន្ថែមពីលើនេះទៀតនោះ សម្តេចតេជោ អំពាវនាវឲ្យមន្រ្តីគណបក្សប្រជាជន ត្រូវចូលរួមចែកទឹកដល់ប្រជាពលរដ្ឋ។
ក្រៅពីការអំពាវនាវដល់អាជ្ញាធរ និងមន្រ្តីរាជរដ្ឋាភិបាល ព្រមទាំងកាកបាទក្រហម, សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បក្សនយោបាយទាំងអស់ ទាំងចាស់ ទាំងថ្មី ចូលរួមចែកចាយទឹកដល់ប្រជាពលរដ្ឋផងដែរ។ សម្តេចនឹងចាំមើលថា តើបក្សនយោបាយណាខ្លះ ដែលចូលរួមចែកទឹកដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមដណ្តើមសន្លឹកឆ្នោត។ សម្តេចសង្ឃឹមថា គណបក្សទាំងអស់នឹងយល់ពីស្ថានភាពនៅកម្ពុជានាពេលនេះ ដូច្នេះសូមរួមគ្នាជួយប្រជាពលរដ្ឋ។
សម្តេចបានចាត់ទុកថា បញ្ហាកង្វះទឹកនេះជាគ្រោះមហន្តរាយសម្រាប់កម្ពុជា។ សម្តេចមិនបានស្នើថ្វាយព្រះមហាក្សត្រ និងរដ្ឋសភា ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ ប៉ុន្តែសម្តេចបានប្រកាសដាក់ជំនួសមកវិញនូវយុទ្ធនាការ ដឹកទឹកចែកជូនប្រជាពលរដ្ឋ។
ការចេញបញ្ជាដាច់ណាត់របស់សម្តេចតេជោ ធ្វើឡើងនៅក្នុងឱកាសសម្តេច កំពុងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទ បន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦៕