(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ សៀវភៅថ្មីដែលមានចំណងជើងថា «រាជរដ្ឋាភិបាលកម្ពុជា(ភាគ២)-ជោគជ័យក្នុងសង្រ្គាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩ (១ សីហា - ៣១ ធ្នូ ២០២១)» ដែលមានកម្រាស់ជាង៨០០ទំព័រ ត្រូវបានអ្នកសារព័ត៌មានជើងចាស់មួយរូបចេញផ្សាយជាផ្លូវការហើយ។
លោក ឆាយ សុផល អ្នកចងក្រងសៀវភៅ និងជាសាស្ត្រាចារ្យព័ត៌មានផង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដើម្បីរម្លឹកពីការខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយយុទ្ធសាស្រ្ត និងការទទួលខុសត្រូវក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជួយសង្រ្គោះជីវិតប្រជាពលរដ្ឋពីជំងឺកូវ-១៩ លោកក៏បានចំណាយពេលគ្មានលស់ថ្ងៃ ដើម្បីតាមដាន កត់ត្រា និងចងក្រងពីព្រឹត្តិការណ៍នានាសម្រាប់សៀវភៅនេះ។
លោក ឆាយ សុផល បានអះអាងថា ជាការពិត នរណាៗក៏បានដឹងពីព្រឹត្តិការណ៍ដ៏អាក្រក់នៃជំងឺកូវីដ-១៩ ទាំងប្រភេទចាស់ និងប្រភេទបំប្លែងថ្មីនេះដែរ ខណៈមនុស្សនៅក្នុងពិភពលោកស្លាប់រាប់លាននាក់ ប៉ុន្តែលោកនៅតែប្រមូលដំណឹង រួមទាំងសារទាំងសំណេរ និងសំឡេងរបស់សម្តេចតេជោ, សេចក្តីប្រកាសព័ត៌មាន, វិធានការគោលការណ៍ស្តង់ដារប្រតិបត្តិ (SOP), វិធានការនានារបស់ក្រសួងសុខាភិបាល និងច្បាប់ ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺនេះ មកចងជាបណ្តុំ ផ្គុំជាមួយឯកសារ ក្នុងបំណងទុកជាជំនួយស្មារតី សម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ចាស់ថ្មី ។
លោកបន្តថា ពិតជាមិនងាយស្រួលនោះទេនៅពេលជំងឺផ្ទុះឡើងនៅក្នុងសហគមន៍ ហើយដូចសម្តេចតេជោ លោកមានប្រសាសន៍ហើយថា គ្រាប់បែកអាចបំផ្លាញផ្ទះមួយ និងអាចបំផ្លាញបានភូមិមួយបាន ដោយគេយកវាទៅវាយប្រហារគ្នានៅក្នុងសង្រ្គាម ប៉ុន្តែបើគ្រាប់បែកសេដ្ឋកិច្ចផ្ទុះ នោះវាអាចបំផ្លាញប្រទេសទាំងមូល ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលគិតយ៉ាងហ្មត់ចត់ ដោយស្មាម្ខាងប្រឹងរែកពន់សុខភាពសាធារណៈ ខណៈស្មាម្ខាងទៀតប្រឹងលីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយទប់ស្កាត់អតិផរណា។
អ្នកចងក្រងសៀវភៅរូបនេះ បានបន្តថា ពលរដ្ឋខ្មែរមួយចំនួនឆាប់ភ្លេចណាស់ ដូច្នេះកំណត់ត្រានេះពិតជាឯកសារជំនួយស្មារតីជួយរម្លឹកពីប្រវត្តិសាស្រ្តនៃមនុស្សជាតិដែលកើតមាននៅក្នុងសម័យកាលនេះ។
លោក ឆាយ សុផល ក៏បានបញ្ជាក់ដែរថា ការចេញសៀវភៅនៅថ្ងៃទី១៤ ខែមករានេះ ក៏ក្នុងបំណងចូលរួមរម្លឹកថ្ងៃឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជាផ្លូវការលើកទី៣៧ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៥ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងផ្នែកមួយនៃអារម្ភកថានៃសៀវភៅនោះ អ្នកនិពន្ធបានសរសេរថា «ថ្វីដ្បិតតែប្រទេសកម្ពុជាជាប្រទេសតូច មានសេដ្ឋកិច្ចមិនធំដូចប្រទេសមួយចំនួននៅក្នុងតំបន់ និងនៅក្នុងពិភពលោកក៏ដោយ ក៏ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់កម្លាំង និងមធ្យោបាយសរុប រួមទាំងរឹតបន្តឹងវិន័យ ក៏ដូចជាការអនុវត្តច្បាប់ និងធ្វើទំនាក់ទំនងល្អ រួមទាំងការរៀបចំយុទ្ធសាស្រ្តច្បាស់លាស់ត្រៀមទុកជាមុន ទើបធ្វើឱ្យប្រទេសទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំនៃការឆ្លងជំងឺសាកលនេះ»។
សំណេរបន្តថា «ពិតជាមិនអាចប្រកែកបានទេដែលថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួង ស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធ រួមទាំងកាកបាទក្រហមកម្ពុជា ក្រុមគ្រូពេទ្យស្ម័គចិត្តសម្តេចតេជោ (TYDA) និងសម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាផង បានពួតដៃសាមគ្គីគ្នាក្នុងគ្រាដ៏លំបាក ដើម្បីធ្វើយ៉ាងណាសង្រ្គោះជីវិតមនុស្សក្នុងដំណាក់កាលនៃជំងឺរាតត្បាត»។
បើតាមលោក ឆាយ សុផល បានឱ្យដឹងថា ក្រៅពីតែការពិពណ៌នាអំពីសកម្មភាពរបស់ប្រទេសក្នុងការប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេស តំបន់ និងអន្តរជាតិខ្លះៗ រួមទាំងការអភិវឌ្ឍផងដែលពាក់ព័ន្ធនឹងកម្ពុជាក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ត្រូវបានបញ្ចូលនៅក្នុងកំណត់ត្រានេះដែរ។
ព្រឹត្តិការណ៍នយោបាយរួមមាន វិសោធនកម្មរដ្ឋធម្មនុញ្ញបិទតំណែងកំពូលសម្រាប់ខ្មែរមានសញ្ជាតិលើសពីមួយ, បក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា, បញ្ហាកម្ពុជា និង អាម៉េរិក-ចិន, បញ្ហាកម្ពុជា មីយ៉ានម៉ា និង អាស៊ាន-ចិន ព្រមទាំងសន្តានចិត្តចែករំលែករបស់កម្ពុជាដល់បរទេសផង។ នេះបើតាមការរៀបរាប់ពីលោក ឆាយ សុផល។
សូមរម្លឹកថា សៀវភៅភាគ១ មានកម្រាស់ជិត៩០០ទំព័រ រៀបរាប់ពីព្រឹត្តការណ៍កូវីដ-១៩ (ខែធ្នូ ២០១៩- ១ សីហា ឆ្នាំ២០២១) បានចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ សៀវភៅភាគ២ មានកម្រាស់ជាង៨០០ទំព័រ រៀបរាប់បន្តពីថ្ងៃទី១ ខែសីហា មកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ជាពេលវេលាដែលប្រមុខរាជរដ្ឋាភិបាលបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១។
សៀវភៅនេះត្រូវបានបោះពុម្ពជាបឋមចំនួន៥ពាន់ច្បាប់ដោយក្នុងមួយច្បាប់ក្នុងតម្លៃជាង១៤ដុល្លារ។ បើតាមលោក ឆាយ សុផល សៀវភៅនេះ ក្រៅពីមានលក់ខ្លះនៅតាមបណ្តាគារ លោកក៏យកទៅចែកជូននៅបណ្ណាល័យជាតិ និងបណ្តាល័យនៃសកលវិទ្យាល័យរដ្ឋនិងឯកជនក្នុងរាជធានី-ខេត្តផងដែរ។
នៅពេលដែលអ្នកសារព័ត៌មានម្នាក់សួរថា «តើលោកសាស្ត្រាចារ្យបញ្ចប់កំណត់ត្រាពី កូវីដ-១៩ នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មែនទេ?» លោក ឆាយ សុផល ក៏បានឆ្លើយមិនបង្អង់ថា «ដរាបណាកូវីដ-១៩ នៅតែមាន ហើយការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ននៅតែបន្ត ខ្ញុំមិនរារែកកត់ត្រាទុក និងចងក្រងជាឯកសារឡើយ។ ខ្ញុំធ្វើបែបនេះគឺទុកសម្រាប់ប្រវត្តិសាស្រ្តមនុស្សជាតិនៅជំនាន់បន្ទាប់។
បន្ទាប់មក មានអ្នកសារព័ត៌ម្នាក់ទៀតបន្តសួរថា «ហេតុអ្វីបានលោកសរសេរសៀវភៅ ដែលគេឯងដឹងគ្រប់គ្នាហើយនោះ?» លោក ឆាយ សុផល ឆ្លើយថា «មនុស្សជំនាន់នេះ គឺពួកគាត់មួយចំនួនមិនសូវចាប់អារម្មណ៍ទេ ប៉ុន្តែនៅជំនាន់ក្រោយៗ សៀវភៅរឹតតែសំខាន់ ហើយស្មេរបានគិតរួចជាស្រេចពីចំណុចនេះ។ ឧទាហរណ៍ គម្ពីរមួយចំនួនដែលដូនតាយើងបានចារកាលពីសម័យកាលមុន ទំនងជាមិនសូវមានអ្នកចាប់អារម្មណ៍ដែរនាសម័យកាលនោះ ប៉ុន្តែវាមានតម្លៃនៅសម័យកាលបន្ទាប់រហូតមកដល់បច្ចប្បន្ន»៕