(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ ជាសមិទ្ធិផលមួយទៀត កើតឡើងនៅលើទឹកដី អតីតសមរភូមិសង្គ្រាម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន និងបាត់ដំបង សុទ្ធសឹងជាអតីតទឹកដីសមរភូមិសង្គ្រាម ត្រូវបានរាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធ ចេញពីភ្នក់ភ្លើងសង្គ្រាម ហើយសម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានកសាង និងខិតខំកែប្រែតំបន់ព្រំដែននេះ ទៅជាតំបន់ព្រំដែនសន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងរំលឹកដល់សម័យសង្គ្រាមថា ការបន្សល់ទុកនូវគ្រាប់មីនមិនទាន់ផ្ទុះ នៅតំបន់ផ្លូវលេខ៥៦នេះ មិនមែនជាកំហុសរបស់យុវជនជំនាន់ក្រោយនោះទេ ជាកំហុសរបស់របបសម័យមុន។
ការថ្លែងរបស់សម្តេចខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦៕