(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក ក្នុងនោះយប់៩លើក បណ្តាលឲ្យមនុស្សស្លាប់៩នាក់ រងរបួសធ្ងន់៦នាក់ (ស្រី២នាក់) និងរបួសស្រាល៣នាក់ (ស្រី១នាក់) នេះបើតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង, រថយន្តធុនតូច៤គ្រឿង, រថយន្តធុនធំ៣គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក (ស្លាប់៤នាក់), មិនគោរពសិទ្ធិ២លើក (ស្លាប់១នាក់), ប្រជែង៣លើក (ស្លាប់២នាក់), ស្រវឹង១លើក (ស្លាប់១នាក់) កត្តាយានយន្ត១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១០នាក់ (យប់៣នាក់)។
ជាមួយគ្នានេះ នៅថ្ងៃម្សិលមិញ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើស ៤,១២៧ គ្រឿង, អប់រំ ២,០០២ គ្រឿង, ពិន័យ ២,១២៥ គ្រឿង ៕