(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានថ្លែងឲ្យថា នៅវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខ បានសហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានដេញ បង្ក្រាបក្រុមចោរប្លន់ប្រើដាវសាំម៉ូរ៉ៃ ចំនួន២នាក់ ក្នុងចំណោម៣នាក់ ខណ:ដែលពួកគេកំពុងគំរាម កាប់ជនរងគ្រោះម្នាក់ប៉ងប្លន់យកម៉ូតូ។
ករណីគំរាមកាប់ប្លន់យកម៉ូតូនេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវសុរាម្រឹត ម្តុំរូបសំណាកសម្តេចសង្ឃរាជ ជួន ណាត ស្ថិតក្នុងខណ្ឌដូនពេញ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា ករណីនេះបានបង្កឡើងដោយ ជនសង្ស័យមួយក្រុមមានគ្នាបីនាក់ ជិះម៉ូតូពីរគ្រឿងដែលមួយគ្រឿងម៉ាក Dream C110 ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1BZ-4867 ជិះគ្នាពីរនាក់ប្រដាប់ដោយដាវចំនួនមួយ (ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀតជិះម៉ូតូម៉ាក Nex ពណ៍ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 1CV- 5025 (គេចខ្លួនបាត់) បានប្រើកាំបិតគំរាមកាប់ប្លន់ យកម៉ូតូមួយគ្រឿង ម៉ាក Suzuki Let's ពាក់ផ្លាកលេខភ្នំពេញ 1CN-9465 ពីជនរងគ្រោះជិះគ្នាបីនាក់ (ប្រុសទាំងបី)។
លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យទី 1- ឈ្មោះ ចាន់ សេដ្ឋារាជអាយុ18ឆ្នាំ មុខរបរសិស្សIEL ស្នាក់ នៅផ្ទះលេខ51Eo ផ្លូវលំភូមិទួលស ង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូឃាត់ខ្លួន) ។ទី2- ឈ្មោះ ថៃគីមហុងភេទប្រុសអាយុ 18ឆ្នាំ មុខរបរសិស្សIEL ស្នាក់នៅផ្ទះ លេខ74 ផ្លូវ172 ភូមិ10 សង្កាត់ផ្សារ ថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាអ្នកកាន់ដាវធ្វើសកម្មភាពឃាត់ ខ្លួន)។ 3-ឈ្មោះ ត្រា ភេទប្រុស អាយុ18ឆ្នាំជាអ្នកបើកម៉ូតូគៀម៉ូតូជនរងគ្រោះ (គេចខ្លួនបាត់)។
ការបង្ក្រាបក្រុមចោរប្លន់នេះ ក៏មានការចូលរួមសហការពីកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញផងដែរ។ បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ បានឃាត់ខ្លួនធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការ៕