(ព្រៃវែង)៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ សហការមន្ត្រីស្ថានីយជញ្ជីងអចល័តអ្នកលឿង-ខេត្តព្រៃវែង និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះឃាត់រថយន្តដើម្បីពិនិត្យ និងថ្លឹងជញ្ជីងចល័តនៅចំណុចផ្លូវជាតិលេខ១៣១ ក្នុងភូមិសៀម ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឃាត់រថយន្តចំនួន៧គ្រឿង រកឃើញរថយន្តល្មើសចំនួន៤គ្រឿង ដោយពិន័យជាប្រាក់ ក្នុងនោះរថយន្ត៣គ្រឿងត្រូវបានឃាត់ទុកមួយឆ្នាំ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក គីម សាន់ អនុរដ្ឋលេខាធិការព្រមទាំងអមដំណើរដោយ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះលោក គឹម សាន់ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់ នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកាលពីពេលថ្មីៗនេះថា ក្រុមការងារ នឹងចាត់ការតាមនីតិវិធីដោយគ្មានយោគយល់ខ្សែរនរណាឡើយ បើសិនរកឃើញថា រថយន្តដឹកទាំងឡាយណាហ៊ានដឹកលើសទម្ងន់។ សកម្មភាព នៃការចុះប្រតិបត្តិការនេះ នឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចបំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ។

ជាថ្មីម្តងទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹក និងអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យបានម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ក្រសួងនឹងនៅបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕